ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សម្នាក់បានស្លាប់ ខណៈព្យុះទីហ្វុង Doksuri បានបន្តវាយប្រហារនៅក្នុងប្រទេសនេះ ដោយនាំមកនូវភ្លៀង និងខ្យល់បោកបក់យ៉ាងខ្លាំង ។
នៅក្នុងរបាយការណ៍បឋម ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDRRMC) បានឲ្យដឹងថា ជនរងគ្រោះបានលង់ទឹកស្លាប់ នៅពេលមានគ្រោះទឹកជំនន់ ដែលបានជន់លិចខេត្តមួយ នៅភាគខាងកើតទីក្រុង Metro Manila ។ យ៉ាងហោចណាស់មនុស្ស២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧប្បត្តិហេតុទាក់ទង នឹងព្យុះទីហ្វុងនៅកោះ Luzon និងនៅភាគកណ្តាល នៃប្រទេសហ្វីលីពីន ។
លោក Edgar Posadas អ្នកនាំពាក្យ NDRRMC បានប្រាប់ដល់ប៉ុស្តិ៍វិទ្យុក្នុងស្រុកថា “យើងនៅតែផ្ទៀងផ្ទាត់ពីចំនួនជនរងគ្រោះ” ។
ព្យុះទីហ្វុង Doksuri បានបង្កផលប៉ះពាល់ដល់តំបន់ចំនួន៨នៅទូទាំងកោះ Luzon និងនៅតំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន ។
ខាង NDRRMC បានឲ្យដឹងទៀតថា អ្នកស្រុកជិត៩.០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ហើយកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន១០៧កន្លែង ។
ទីភ្នាក់ងារខាងលើ បានបញ្ជាក់ថា យ៉ាងហោចណាស់ផ្លូវចំនួន៤៦ខ្សែ និង ស្ពានចំនួន៣កន្លែង នៅក្នុងតំបន់ចំនួន៧ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានជាប់គាំងនៅទូទាំងប្រទេសដោយសារតែរលកសមុទ្រដ៏អាក្រក់កើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា