ព័ត៌មានអន្តរជាតិ

ប្រធាននាយកដ្ឋានកែប្រែរបស់ថៃថា លោក ថាក់ស៊ីន នឹងក្លាយជាអ្នកទោសចាស់ជាងគេ ប្រសិនបើលោកត្រឡប់ចូលស្រុកវិញ

បរទេស៖ យោងតាមនាយកដ្ឋានកែប្រែ របស់ប្រទេសថៃ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីដែលរត់គេចខ្លួន គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវចាត់ទុកជាអ្នកទោសវ័យចំណាស់ជាងគេ ប្រសិនបើលោកត្រឡប់ទៅប្រទេសថៃវិញ ដើម្បីប្រឈមមុខនឹងការជាប់ពន្ធនាគារ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីចាំផ្ទះ គឺឧត្តមសេនីយ៍ បា្រយុទ្ធ ចាន់អូចា បានបង្ហាញការសង្ស័យថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នឹងវិលត្រឡប់មកវិញ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រាំ (Paetongtarn Shinawatra) បានប្រកាសថា ឪពុករបស់លោកស្រីនឹងមកដល់ អាកាសយានដ្ឋានដុនមឿង នៅថ្ងៃទី១០ ខែសីហា។

លោកស្រីបានសរសេរកាលពីថ្ងៃពុធ ដែលជាថ្ងៃខួបកំណើតគម្រប់ ៧៤ ឆ្នាំរបស់លោកថាក់ស៊ីនថា “ខ្ញុំស្ទើរតែមិនជឿនូវអ្វីដែលខ្ញុំកំពុងវាយនោះទេ ឪពុករបស់ខ្ញុំនឹងត្រលប់មកវិញ នៅថ្ងៃទី១០ ខែសីហា នៅអាកាសយានដ្ឋានដនមឿង”។

ឆ្លើយតបនឹងផែនការត្រឡប់ ចូលស្រុករបស់លោកថាក់ស៊ីន លោក អាយុទ្ធ ស៊ីនថុបប៉ាន (Ayuth Sintoppant) អគ្គនាយកនៃនាយកដ្ឋានកែប្រែ បាននិយាយថា នៅពេលមកដល់អាកាសយានដ្ឋាន លោកថាក់ស៊ីននឹងត្រូវចាប់ខ្លួន ខណៈដែលអាជ្ញាធរកែប្រែ នឹងអនុវត្តតាមដីការបស់តុលាការ។

តាមនីតិវិធី មន្ត្រីនាយកដ្ឋានកែប្រែនឹងត្រូវជូនដំណឹង ប្រសិនបើមានដីកាឃុំខ្លួនលោក ថាក់ស៊ីន។ នៅពេលដែលនីតិវិធីរបស់ តុលាការត្រូវបានបញ្ចប់ មន្ត្រីនាយកដ្ឋានកែប្រែនឹងនាំ គាត់ទៅកាន់កន្លែងឃុំឃាំង ដែលទំនងជាពន្ធនាគាររ៉ាម៉ាន់ ក្នុងទីក្រុងបាងកក។ ប៉ុន្តែយ៉ាងណាក៏ដោយ នាយកដ្ឋាននេះ មិនទាន់ទទួលបានដីការណា មួយពីតុលាការនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top