ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ បើកការវាយប្រហារដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រឆាំងទីតាំងយោធាអ៊ុយក្រែន ឃ្លាំងផ្ទុកសព្វាវុធ ឃ្លាំងផ្ទុកប្រេង និងព្រលានយន្តហោះ

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូ បានបើកការវាយប្រហារដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីៗ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ដោយផ្តោតលើឃ្លាំងផ្ទុកសព្វាវុធ គ្រាប់ និងឃ្លាំងផ្ទុកប្រេងឥន្ធនៈ ក៏ដូចជាអាកាសយានដ្ឋានជាច្រើនផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់យោធារុស្ស៊ីដោយមិនបានបញ្ជាក់លម្អិតថា ការវាយប្រហារដែលបានធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺពាក់ព័ន្ធនឹង “អាវុធរយៈចម្ងាយឆ្ងាយពី អាកាស និងតាមសមុទ្រ” ។ យោធាបានបន្ថែមថា ការវាយប្រហារបានផ្តោតលើមជ្ឈមណ្ឌល “បញ្ជា និងគ្រប់គ្រង” នៃយោធាអ៊ុយក្រែន ក៏ដូចជាមូលដ្ឋានជួសជុលជាច្រើនកន្លែង កន្លែងស្តុកទុក និងវាលយន្តហោះ។

យោងតាមក្រសួងបានឱ្យដឹងថា គោលដៅជាកន្លែងផ្ទុកសម្ងាត់ត្រូវបានប្រើប្រាស់ដើម្បីទុក “យានគ្មានមនុស្សបើកក្នុងទឹក ក៏ដូចជាមីស៊ីល អាវុធ និងឧបករណ៍យោធាដែលទទួលបានពីបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក”។ យោធាបាននិយាយថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារដោយជោគជ័យ។
វីដេអូ​ដែល​មិន​ត្រូវ​បាន​គេ​ផ្ទៀង​ផ្ទាត់​លើ​អ៊ីនធឺណិត​ បាន​បង្ហាញ​ពី​មីស៊ីលជាច្រើន​គ្រាប់​ដែល​ហោះ​កាត់​ភាគ​ខាង​លិច ​អ៊ុយក្រែន។

ខណៈពេលដែលទីក្រុងគៀវតែងតែអះអាងពីការបំផ្លាញ នៃគ្រាប់មីស៊ីលដែលចូលមកភាគច្រើន លោកប្រធានាធិបតី Vladimir Zelensky នៅក្នុងករណីនេះបានធ្វើការទទួលស្គាល់ដ៏កម្រដោយបញ្ជាក់ថា “ការបាញ់ប្រហារជាច្រើន” ត្រូវបានចុះឈ្មោះថាបាញ់ចូល។

លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា ​ការ​ទីតាំងដំឡើង​មួយ​ណា​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​វាយ​ប្រហារ​នោះ​ទេ។
ការវាយប្រហារក៏បានប៉ះពាល់ដល់ឃ្លាំងផ្ទុកប្រេងឥន្ធនៈជាច្រើន រួមទាំងកន្លែងស្តុកឥន្ធនៈអាកាសចរណ៍នៅក្នុងតំបន់ Khmelnitsky ភាគខាងលិច នៃប្រទេសអ៊ុយក្រែន ក៏ដូចជាឃ្លាំងស្តុកឥន្ធនៈ និងឃ្លាំងគ្រាប់ដ៏សំខាន់នៅក្នុងតំបន់ Zaporozhye ដែលឃើញមានការកើនឡើងយ៉ាងខ្លាំងក្នុងការប្រយុទ្ធគ្នានៅថ្ងៃកន្លងមក៕ ប្រែសម្រួលៈ ណៃ តុលា

To Top