ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន ថ្កោលទោសអាមេរិក ចំពោះការបង្កើនទំនាក់ទំនងយោធា ជាមួយកោះតៃវ៉ាន់

រូបភាពពី៖​ XINHUA

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន ​ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយតំបន់តៃវ៉ាន់ របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅពេលធ្វើអត្ថាធិប្បាយលើខ្លឹមសារ ដែលទាក់ទងនឹងកោះតៃវ៉ាន់ នៅក្នុងច្បាប់អនុញ្ញាតការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤ និងកិច្ចព្រមព្រៀង ដែលទើបសម្រេចបានរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ នាពេលថ្មីៗនេះ ស្តីពីលទ្ធកម្មប្រព័ន្ធមីស៊ីលទៅអាកាសរបស់សហរដ្ឋអាមេរិកក្នុងតំបន់។

លោក Tan បានលើកឡើងថា សកម្មភាពដ៏ឃោរឃៅទាំងនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ប្រទេសចិន ក៏ដូចជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដោយលោកបានបន្ថែមថា ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ និងប្រឆាំងដាច់ខាតចំពោះទង្វើទាំងនេះ។

លោកបានបន្ដថា កងទ័ពរំដោះប្រជាជនចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top