ព័ត៌មានអន្តរជាតិ

​ចិន សង្ឃឹមថា ​អាមេរិក នឹងផ្តល់ការគាំទ្រពិតប្រាកដ និងរួមចំណែកដល់ការអភិវឌ្ឍន៍ សម្រាប់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក

ប្រភព ៖ xinhua

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រយ៉ាងពិតប្រាកដ សម្រាប់ប្រទេសកោះប៉ាស៊ីហ្វិក និងរួមចំណែកដល់ការអភិវឌ្ឍន៍ និងស្ថិរភាពរបស់ពួកគេ។

លោកស្រី ម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើការ កត់សម្គាល់របស់មន្ត្រីអាមេរិកទាក់ទងនឹងប្រទេសចិន និងដំណើរទស្សនកិច្ច របស់មន្ត្រីអាមេរិក ជាច្រើនទៅកាន់ប្រទេសកោះប៉ាស៊ីហ្វិក នាពេលថ្មីៗនេះ។

លោកស្រីបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក គឺបើកចំហ និងមានតម្លាភាព ហើយគោរពយ៉ាងពេញ លេញនូវអធិបតេយ្យភាព និងឆន្ទៈរបស់ប្រទេស។

លោកស្រីបានបន្ថែមថា “យើងមិនដែលភ្ជាប់ខ្សែនយោបាយ ណាមួយឡើយ ហើយមិនដែលកំណត់គោលដៅភាគីទី៣ ណាមួយឡើយ។ កិច្ចសហប្រតិបត្តិការនេះត្រូវបានស្វាគមន៍ និងទទួលស្គាល់ដោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសកោះប៉ាស៊ីហ្វិក”។

លោកស្រី ម៉ៅ បានបន្ដថា បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក មិនមែនជា “ទីធ្លាខាងក្រោយ” របស់ប្រទេសណាមួយឡើយ ដោយលោកបានបន្ថែមថា ប្រទេសចិន មិនចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងជាមួយប្រទេសណាមួយដើម្បីឥទ្ធិពល ឬស្វែងរកអ្វីដែលគេហៅថា “វត្តមានភូមិសាស្ត្រនយោបាយ” ឬ “វិសាលភាពនៃឥទ្ធិពល” នោះទេ ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រពិតប្រាកដសម្រាប់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក និងរួមចំណែកដល់ការអភិវឌ្ឍន៍ និងស្ថិរភាពរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top