ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង បញ្ជាក់ថា ​បារាំង នឹងបង្កើនវត្តមានយោធា នៅឥណ្ឌូប៉ាស៊ីហ្វិក

រូបភាពពី៖​ AFP

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា ប្រទេសបារាំង នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបញ្ជូនបុគ្គលិកយោធាចំនួន ២០០ នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។

លោក ម៉ាក្រុង បានឲ្យដឹងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់វ៉ានូអាទូ​ ជាផ្នែកមួយនៃដំណើរទេសចរណ៍ក្នុងតំបន់ថា “យុទ្ធសាស្ត្ររបស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្អែកលើការចូលរួមការទូត និងយោធា។ បុគ្គលិកយោធា ២០០ នាក់ទៀតនឹងត្រូវបញ្ជូន ហើយទឹកប្រាក់ ១៥០លានអឺរ៉ូ ​ នឹងត្រូវបានបែងចែក សម្រាប់កងទ័ពរបស់យើងនៅទីនោះ” ។

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វ៉ានូអាទូ លោក ម៉ាក្រុង បាន​ទៅ​ទស្សនា​ទឹក​ដី​បារាំង​ក្រៅ​ប្រទេស​នៃ​រដ្ឋ New Caledonia កាល​ពី​ថ្ងៃ​ចន្ទ ​រយៈ​ពេល​បី​ថ្ងៃ។ ដំណើរ​ទស្សនកិច្ច​របស់​លោក ​ក៏​នឹង​រួម​បញ្ចូល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ាពួញូហ្គីណេ​ផងដែរ។

លោកបានកត់សម្គាល់ថា នៅក្រោមច្បាប់”កម្មវិធីយោធា” របស់ខ្លួន ប្រទេសបារាំង គ្រោងនឹងវិនិយោគលើឧបករណ៍យោធា និងកម្លាំងមនុស្សនៅ New Caledonia ហើយ ២០០ លានអឺរ៉ូនឹងត្រូវបែងចែក សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

វិក័យប័ត្រកម្មវិធីយោធាស្វែងរកការសន្យាចំណាយរបស់បារាំង ស្របតាមគោលដៅរបស់ណាតូគឺ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ប្រទេសនេះ នឹងបង្កើនការចំណាយយោធាសុទ្ធរបស់ខ្លួនដល់ ៤១៣ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤-២០៣០ ពី ២៩៥ ពាន់លាន ដែលបានបែងចែកក្នុងឆ្នាំ២០១៩-២០២៥ ។

ថវិកាការពារជាតិប្រចាំឆ្នាំរបស់បារាំងត្រូវបានប៉ាន់ប្រមាណថា មានចំនួនសរុបជាង 45 ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកបន្ថែមប្រហែល ៣ ពាន់លានអឺរ៉ូ ជារៀងរាល់ឆ្នាំនៅឆ្នាំ២០២៧ និង ៤,៣ ពាន់លានអឺរ៉ូ ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៨៕ ប្រែសម្រួល ឈូក បូរ៉ា

To Top