បរទេស៖ ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃ កាលពីថ្ងៃសុក្រ បានសួរទៅគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward ដែលជាដៃគូធំបំផុតនៅក្នុងសម្ព័ន្ធប្រាំបីភាគីដែលប៉ុនប៉ងបង្កើតរដ្ឋាភិបាលបន្ទាប់ ដើម្បីធ្វើការសម្រេចចិត្តអំពីអ្វីដែលត្រូវធ្វើបន្ទាប់ ព្រោះវាច្បាស់ណាស់ថា សម្ព័ន្ធបច្ចុប្បន្នទំនងជាមិនទទួលបានសំឡេងច្រើនទេពីសមាជិកព្រឹទ្ធសភា និងសមាជិកសភានៅខាងក្រៅក្រុម។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួនជាមួយដៃគូចម្រុះផ្សេងទៀត គណបក្សរបស់លោកនឹងរាយការណ៍អំពីការបរាជ័យរបស់ខ្លួន ក្នុងការបញ្ចុះបញ្ចូលគណបក្សនយោបាយនៅខាងក្រៅសម្ព័ន្ធ និងសមាជិកព្រឹទ្ធសភាឱ្យបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេនៅក្នុងកិច្ចប្រជុំរួមគ្នាបន្ទាប់នៃនៃសភាទាំងពីរដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហាក្រោយ។
លោកបានថ្លែងថា សមាជិកសភាទាំងនោះបានសម្តែងការព្រួយបារម្ភចំពោះផែនការរបស់គណបក្ស Move Forward ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ។
គណបក្សនយោបាយ និងសមាជិកព្រឹទ្ធសភាដែលជាអ្នកអភិរក្សនិយមបានព្រមានថា សំណើវិសោធនកម្មរបស់គណបក្ស Move Forward ចំពោះច្បាប់ប្រមាថព្រះមហាក្សត្រ នឹងធ្វើឱ្យប៉ះពាល់ដល់របបរាជានិយម និងសន្តិសុខជាតិរបស់ប្រទេសថៃ។
ចំណែកក្រុមអ្នកសង្កេតការណ៍មើលឃើញពីលទ្ធភាពរបស់គណបក្សភឿថៃ ក្នុងការបញ្ចប់ភាពជាប់គាំង ដោយការទម្លាក់គណបក្សចលនាឆ្ពោះទៅមុខ ចេញពីក្រុមចម្រុះរបស់ខ្លួន និងទទួលយកគណបក្សអភិរក្សនិយមពីរដ្ឋាភិបាលពីរដ្ឋាភិបាលចាំផ្ទះ។
មេដឹកនាំគណបក្សភឿថៃកាលពីចុងសប្តាហ៍មុនបានជួបជាមួយភាគីនៅក្នុងរដ្ឋាភិបាលចម្រុះដែលជិតផុតអាណត្តិ រួមមានគណបក្ស Bhumjaithai, គណបក្សPalang Pracharath, គណបក្ស Chart Thai Pattana និង គណបក្ស United Thai Nation ដើម្បីសុំយោបល់របស់ពួកគេអំពីរបៀបដែលរដ្ឋាភិបាលថ្មីអាចបង្កើតបាន៕ ប្រែសម្រួលៈ ណៃ តុលា