ប៉េកាំង៖ បេសកជនចិនបានអំពាវនាវឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដកទណ្ឌកម្មប្រឆាំងនឹង ប្រទេសមួយចំនួននៅអាហ្វ្រិក ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ សម្រាប់ការការពារជនស៊ីវិល។
ប្រទេសម្ចាស់ផ្ទះនៃប្រតិបត្តិការរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ផ្តល់ការទទួលខុសត្រូវចម្បង សម្រាប់ការការពារជនស៊ីវិល។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គួរតែគាំទ្រយ៉ាងសកម្មដល់ ប្រទេសម្ចាស់ផ្ទះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត សម្រាប់ការការពារជនស៊ីវិល។
ការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ បានរារាំងយ៉ាងធ្ងន់ធ្ងរដល់ សមត្ថភាពរបស់ប្រទេសអាហ្រ្វិក មួយចំនួនក្នុងការបំពេញការ ទទួលខុសត្រូវរបស់ពួកគេ ដើម្បីការពារជនស៊ីវិល។ លោកបានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលផ្តោតសំខាន់លើការការពារជនស៊ីវិល។
លោកបានបន្ថែមថា សហគមន៍អន្តរជាតិគួរតែពង្រឹង ភាពជាដៃគូជាមួយទ្វីបអាហ្រ្វិក និងគាំទ្រដល់ប្រទេសអាហ្រ្វិក ក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់ នូវសមត្ថភាពរក្សាសន្តិភាព ដែលអាចពឹងផ្អែកលើខ្លួនឯងរបស់ពួកគេ។
អាណត្តិការពារជនស៊ីវិលនៅក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ គឺជាផ្នែកមួយនៃក្របខ័ណ្ឌទាំងមូល ហើយគួរតែត្រូវបានចាត់ទុកថាជារឿងនោះ។ លោក Geng បានលើកឡើងថា អាណត្តិការពារជនស៊ីវិល គួរតែត្រូវបានសម្របសម្រួល ជាមួយអាណត្តិផ្សេងទៀត និងអនុវត្តប្រកបដោយតុល្យភាព ដើម្បីឲ្យគ្រប់អាណត្តិបម្រើគោលបំណង នៃការជួយនាំមកនូវដំណោះស្រាយនយោបាយ។
លោកបានព្រមានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការរីកសាយភាយនៃអាណត្តិ រក្សាសន្តិភាពបានធ្វើឱ្យភាពតានតឹង ដែលមានពីមុនមកលើធនធាន និងសមត្ថភាព ដោយធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព បេសកកម្មក្នុងការអនុវត្តអាណត្តិ ការពារជនស៊ីវិលរបស់ពួកគេឱ្យបានត្រឹមត្រូវ ៕
ប្រែសម្រួល ឈូក បូរ៉ា