គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានឲ្យដឹងថា ដំណោះស្រាយ ចំពោះជម្លោះពិភពលោកដែលកំពុងបន្ត គួរតែផ្អែកលើគោលបំណង នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នៃច្បាប់អន្តរជាតិ។
ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sisi បានធ្វើការកត់សម្គាល់នៅពេល ថ្លែងសុន្ទរកថានៅក្នុង កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក លើកទីពីរនៅក្នុងទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី។
កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពី បណ្តាប្រទេសអាហ្វ្រិកចំនួន ៤៩ ដោយមានប្រធានបទគ្របដណ្តប់ លើឱកាសសហប្រតិបត្តិការក្នុងវិស័យអាហារ ថាមពល លំហ បច្ចេកវិទ្យាព័ត៌មាន ការអប់រំ និងកីឡា ក្នុងចំណោមប្រទេសដទៃទៀត។
លោកបានកត់សម្គាល់ថា ចំពេលស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលត្រូវបានកំណត់ដោយបន្ទាត់ប៉ូល “បណ្តាប្រទេសនៅអាហ្វ្រិករបស់យើង ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន មិនត្រឹមតែប៉ះពាល់ដល់សមត្ថភាព របស់យើងក្នុងការបញ្ចប់ផ្លូវអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់កត្តាកំណត់ នៃសន្តិសុខរបស់យើង និងសិទ្ធិរបស់មនុស្សជំនាន់ក្រោយ”។
លោក Sisi បានលើកឡើងថា ប្រទេសអាហ្រ្វិកមានអធិបតេយ្យភាព ឯករាជ្យ សកម្មក្នុងសហគមន៍អន្តរជាតិ និងប្រាថ្នាចង់បានសន្តិភាព សន្តិសុខ និងបម្រើផលប្រយោជន៍ប្រជាជន របស់ពួកគេតាមរយៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកបានកត់សម្គាល់ថា សេដ្ឋកិច្ចនៅទ្វីបអាហ្រ្វិកត្រូវបានប្រឈម ដោយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃជម្លោះដែលកំពុងបន្ត ជាពិសេសបញ្ហាសន្តិសុខស្បៀង ខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់ ៕
ប្រែសម្រួល ឈូក បូរ៉ា