ព័ត៌មានអន្តរជាតិ

មេ​អង្គរក្ស របស់ប្រធានាធិបតី​នីហ្សេ ដែលធ្វើរដ្ឋប្រហារ ទម្លាក់​លោក​ប្រធានាធិបតី ​ប្រកាស​ខ្លួន​ឯងជា​មេដឹកនាំ​ជាតិ​ថ្មី

ប្រភព ៖ AFP

បរទេស៖ មេ​អង្គរក្សរបស់ប្រធានាធិបតី​ប្រទេសនីហ្សេ លោក​ឧត្តមសេនីយ៍ Abdourahamane Tiani ដែល​ជា​អ្នក​ដឹកនាំ​ការ​ធ្វើរដ្ឋប្រហារទម្លាក់​លោក​ប្រធានាធិបតី Mohamed Bazoum ក្នុង​សប្តាហ៍​នេះ បាន​ប្រកាស​ខ្លួន​ឯងជា​មេដឹកនាំ​ជាតិ​ថ្មី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Abdourahamane ដែលត្រូវបានគេស្គាល់ថា Omar Tchiani បានបង្ហាញខ្លួននៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Tele Sahel កាលពីថ្ងៃសុក្រ ដោយហៅខ្លួនឯងថាជាប្រធានក្រុមប្រឹក្សាយោធាដែលទើបបង្កើតថ្មី ក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិ ហើយអះអាងថា រដ្ឋប្រហារកាលពីថ្ងៃពុធគឺដើម្បីការពារសន្តិសុខជាតិ។

ប្រធានាធិបតីគឺលោក Bazoum ត្រូវបានឃុំខ្លួនកាលពីព្រឹកថ្ងៃពុធ ដោយសមាជិកសន្តិសុខលម្អិតរបស់គាត់ ហើយមន្ត្រីយោធាកំពូលៗ ក្រោយមកបានប្រកាសថា គាត់ត្រូវបានដកចេញពីអំណាច ហើយស្ថាប័នរដ្ឋទាំងអស់ត្រូវបានព្យួរ។

ប្រទេសនីហ្សេ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ខាង​លិច​ក្នុង​ការ​ដោះស្រាយ​ការ​បះបោរ​របស់​ក្រុម​ជីហាដ​នៅ​ក្នុង​តំបន់ Sahel ដោយ​មាន​ទាហាន​ពី​ប្រទេស​បារាំង និង​សហរដ្ឋ​អាមេរិក​មាន​មូលដ្ឋាន​នៅ​ទីនោះ។

ភាពចលាចលនេះ បានបង្កឱ្យមានការថ្កោលទោស ជាអន្តរជាតិ ដោយប្រធានាធិបតីបារាំង Emmanuel Macron បានចូលរួមជាមួយប្លុក តំបន់អាហ្វ្រិកខាងលិច (ECOWAS) ក្នុងការទាមទារឱ្យមេដឹកនាំ រដ្ឋប្រហារដោះលែង លោក Bazoum ។

លោក Macron បានពណ៌នាលោក Bazoum ថាជា “មេដឹកនាំដ៏ក្លាហាន ដែលកំពុងធ្វើកំណែទម្រង់ និងការវិនិយោគ ដែលប្រទេសរបស់លោកត្រូវការ” ដោយបន្ថែមថា ទីក្រុងប៉ារីស នឹងគាំទ្រដល់មហាអំណាចក្នុងតំបន់ ក្នុងការដាក់ទណ្ឌកម្មលើអ្នកគ្រោងធ្វើរដ្ឋប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា

To Top