ព័ត៌មានអន្តរជាតិ

តុល្យភាព​​ យោធា​ចិន​-​តៃវ៉ាន់ មានភាពលំអៀងខ្លាំងឆ្ពោះទៅ​ក្រុង​ប៉េកាំង​

រូបភាពពី៖​ XINHUA

តូក្យូ៖ ជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា តុល្យភាពយោធារវាងចិន និងកោះតៃវ៉ាន់ មានភាពលំអៀងខ្លាំងឆ្ពោះទៅក្រុងប៉េកាំង ចំពេលមានភាពតានតឹងលើកោះដែលគ្រប់គ្រងដោយខ្លួនឯង (តៃវ៉ាន់) ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន។

របាយការណ៍ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិ ជប៉ុន ដែលបានទទួលដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃដដែលនោះ បានឲ្យដឹងថា មានការព្រួយបារម្ភជាសកលអំពីការកើនឡើងនៃ “សកម្មភាពយោធាបង្ខិតបង្ខំ” របស់ចិន នៅលើផ្ទៃមេឃ និងដែនទឹក ជុំវិញកោះតៃវ៉ាន់។

នៅក្នុងរបាយការណ៍កាលពីឆ្នាំមុន ទីក្រុងតូក្យូបានឲ្យដឹងថា តុល្យភាពយោធារវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ កំពុងងាកទៅរកការពេញចិត្តរបស់ប្រទេសចិន ហើយគម្លាតនេះហាក់ដូចជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍ត្រូវបានចេញផ្សាយចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាដូចជាសកម្មភាពយោធាបង្កហេតុរបស់ទីក្រុងប៉េកាំងនៅជិតកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

តៃវ៉ាន់ និងចិន ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នាតាំងពីឆ្នាំ១៩៤៩ ដោយសារសង្គ្រាមស៊ីវិល។ ប្រទេសចិន ដែលគ្រប់គ្រងដោយកុម្មុយនិស្តបានចាត់ទុកកោះប្រជាធិបតេយ្យថា ជាខេត្តបំបែក និត្រូវការបង្រួបបង្រួមជាមួយដីគោកឡើងវិញដោយបង្ខំប្រសិនបើចាំបាច់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top