ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងស្វែងរក កូដកុំព្យូទ័រដែលគ្រោះថ្នាក់ដែលជឿថា ជាពួក Hacker ចិន ចូលលុកលុយមូលដ្ឋានទ័ពអាមេរិកទាំងក្នុង និងក្រៅប្រទេស

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋាភិបាលអាមេរិក កំពុងស្វែងរកកូដកុំព្យូទ័រដែលគ្រោះថ្នាក់ ដែលខ្លួនជឿថា ពួក Hacker ចិនអាចបង្កើតបណ្តាញគ្រប់គ្រងបណ្តាញអគ្គិសនី ប្រព័ន្ធទំនាក់ទំនង និងការផ្គត់ផ្គង់ទឹកនៅមូលដ្ឋានទ័ពអាមេរិកទាំងក្នុង និងក្រៅប្រទេស , នេះបើតាមមន្ត្រីអាមេរិកបានប្រាប់កាសែត New York Times (NYT )

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អត្ថបទកាសែតកាលពីថ្ងៃសៅរ៍បាននិយាយថា ជនល្មើសទាំងនោះ «ប្រហែលជាធ្វើការឲ្យកងទ័ពរំដោះប្រជាជន»។ អត្ថបទនេះមិនបានពន្យល់ពីរបៀបដែលទីក្រុងវ៉ាស៊ីនតោនអាចភ្ជាប់មេរោគនេះទៅនឹងប្រទេសចិន ឬយោធារបស់ខ្លួននោះទេ។

កងទ័ពអាមេរិក ស៊ើបការណ៍សម្ងាត់ និងមន្ត្រីសន្តិសុខជាតិដែលមិនបញ្ចេញឈ្មោះដែលបាននិយាយជាមួយ NYT បានលើកឡើងថា កូដនេះអាចត្រូវបានធ្វើឱ្យសកម្ម ឬដំណើរការ ដោយទីក្រុងប៉េកាំង ដើម្បីរំខានដល់ប្រតិបត្តិការយោធាអាមេរិក ក្នុងករណីមានជម្លោះ រួមទាំងការដែលអាចកើតឡើងជុំវិញកោះតៃវ៉ាន់ផងដែរ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកដែលគាំទ្ររដ្ឋាភិបាលនៅទីក្រុងតៃប៉ិបានសន្យាថា នឹងការពារកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ប្រសិនបើទីក្រុងប៉េកាំងព្យាយាមប្រើកម្លាំងដើម្បីនាំយកកោះនេះមកក្រោមការគ្រប់គ្រង។

ប្រភពមួយនៅក្នុងសភាបានពណ៌នាអំពីមេរោគនេះថា ជា “គ្រាប់បែកកំណត់ពេល” ដ៏មានសក្តានុពល ដែលអាចផ្តល់ឱ្យប្រទេសចិន នូវសមត្ថភាពក្នុងការរំខាន ឬពន្យឺតការដាក់ពង្រាយយោធាអាមេរិក ឬប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញ ដោយបិទឧបករណ៍ប្រើប្រាស់សំខាន់ៗនៅមូលដ្ឋានអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top