ព័ត៌មានអន្តរជាតិ

បារាំង ជំរុញឲ្យនីហ្សេរីយ៉ា ធានាសន្ដិសុខស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសនេះ

ប៉ារីស៖ នៅព្រឹកថ្ងៃដដែល មនុស្សរាប់ពាន់នាក់នៅនីហ្សេរីយ៉ា បានចូលរួមក្នុងសកម្មភាពប្រឆាំង នឹងប្រទេសបារាំង និង ECOWAS ក៏ដូចជាគាំទ្រដល់ក្រុមប្រឹក្សាជាតិ សម្រាប់ការពារមាតុភូមិ ដែលបង្កើតឡើង ដោយអ្នកចូលរួមធ្វើរដ្ឋប្រហារ ។ សកម្មភាព​ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត​បាន​កើត​ឡើង​នៅ​មុខ​ស្ថានទូត​បារាំង ​ក្នុង​ទីក្រុង​ណៃមី ។

ក្រសួងការបរទេសបារាំងបានឲ្យដឹងថា ទីក្រុងប៉ារីស កំពុងជំរុញឱ្យអាជ្ញាធរនៃប្រទេសនីហ្សេរីយ៉ា ធានានូវសន្តិសុខរបស់ស្ថានទូតបារាំង នៅក្នុងរដ្ឋធានីណៃមី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik ។

បារាំង ថ្កោលទោសរាល់អំពើហឹង្សាប្រឆាំងនឹងស្ថាប័នការទូតរបស់ខ្លួន ដែលសន្តិសុខជាទំនួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះ។ កងកម្លាំងនីហ្សេរីយ៉ា ត្រូវបានទាមទារ ដើម្បីធានាសន្តិសុខនៃស្ថាប័នការទូត និងស្ថានកុងស៊ុល ស្របតាមអនុសញ្ញាទីក្រុងវីយែន និងកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កាលពីថ្ងៃអាទិត្យបានផ្អាកជំនួយហិរញ្ញវត្ថុទាំងអស់ ដល់ប្រទេសនីហ្សេរីយ៉ា បង្កកទ្រព្យសម្បត្តិរបស់ពួកឧទ្ទាម ក្រុមគ្រួសារ និងអ្នកគាំទ្រ ព្រមទាំងដាក់បម្រាម លើចលនារបស់ពួកគេ។

លោក Alieu Touray បាន​ឲ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញ ស្តីពីស្ថានការណ៍នយោបាយនៅនីហ្សេរីយ៉ាថា “ដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ សម្រាប់មន្ត្រីយោធា ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។

លើសពីនេះទៀត ECOWAS បានសម្រេចចិត្ត ផ្អាកប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុរវាងរដ្ឋជាសមាជិករបស់ខ្លួន និងនីហ្សេរីយ៉ា ព្រមទាំងបង្កកទ្រព្យសម្បត្តិ របស់នីហ្សេរីយ៉ា នៅក្នុងធនាគារកណ្តាល និងធនាគារពាណិជ្ជ របស់សហគមន៍៕
ប្រែសម្រួល ឈូក បូរ៉ា
ប្រភព ៖ AFP

To Top