បរទេស៖ តុលាការប្រជាជនទីក្រុងហាណូយ របស់វៀតណាម កាលពីថ្ងៃសុក្របានប្រកាសសាលក្រម ក្នុងសំណុំរឿងជនជាប់ចោទចំនួន៥៤នាក់ពាក់ព័ន្ធ នឹងរឿងអាស្រូវសូកប៉ាន់លើជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដ៏ល្បីល្បាញ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនជាប់ចោទសរុបចំនួន ២១នាក់ ត្រូវបានកាត់ទោសពីបទទទួលសំណូក, ២៣ នាក់ ត្រូវបានផ្តន្ទាទោសពីបទ ផ្តល់សំណូក, ០៤ នាក់ ពីបទបំពានលើមុខតំណែងពេលបំពេញមុខងារ , ២នាក់ ក្លែងបន្លំ និងកេងប្រវ័ញ្ចទ្រព្យសម្បត្តិ និង ៤ នាក់ ពីបទស៊ីសំណូកឈ្មួញកណ្តាល។
ក្រុមប្រឹក្សាចៅក្រមបាននិយាយថា នេះជាករណីធ្ងន់ធ្ងរជាពិសេស ដោយមន្ត្រីបានទាញយកផលប្រយោជន៍ពីអំណាច និងមុខតំណែងរបស់ពួកគេដើម្បីទទួលសំណូក។ ការសូកប៉ាន់នេះ បានកើតឡើងជាយូរណាស់មកហើយ ដោយបង្ខំឱ្យអាជីវកម្មពាក់ព័ន្ធនឹងការរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលរដ្ឋដែលជាប់គាំងនៅក្រៅប្រទេសក្នុងអំឡុងពេលបិទប្រទេសកូវីដ-១៩ ដើម្បីដំឡើងថ្លៃសំបុត្រ ធ្វើឱ្យមានការខាតបង់សម្រាប់ប្រជាពលរដ្ឋដែលចង់ត្រឡប់មកផ្ទះវិញ ខណៈមានជំងឺរាតត្បាត ដែលបានបណ្តាលឱ្យមានការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងររួចទៅហើយ។
លោក Pham Trung Kiên អតីតជំនួយការរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានទទួលប្រាក់ច្រើនបំផុត ជាសំណូកពីអាជីវកម្ម ដើម្បី “សម្របសម្រួល” ដំណើរការអនុម័តសម្រាប់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត ដែលបានកាត់បន្ថយពីការកាត់ទោសប្រហារជីវិត ។
រដ្ឋអាជ្ញាបាននិយាយថា លោក Kiên បានប្រើតួនាទីរបស់គាត់ដោយឥតលាក់លៀម ដើម្បីបង្ខំឱ្យអាជីវកម្មផ្តល់សំណូក បើមិនដូច្នោះទេ ការអនុញ្ញាតឱ្យទទួលបានជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ នឹងកាន់តែពិបាកទទួលបាន៕ ប្រែសម្រួលៈ ណៃ តុលា