ព័ត៌មានអន្តរជាតិ

អ៊ីតាលី ស្តាយក្រោយពេលចូលរួមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ព្រោះការនាំចូលរបស់ចិន មកអ៊ីតាលី ច្រើនជាងអ៊ីតាលី នាំចូលចិន

រូបភាពពី៖​ AFP

បរទេស៖ ការសម្រេចចិត្តរបស់អ៊ីតាលីក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) គឺជាកំហុសមួយដែលរដ្ឋាភិបាលទីក្រុងរ៉ូម ឥឡូវនេះកំពុងស្វែងរកការដកខ្លួនចេញពីគម្រោងនេះ, នេះបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត Corriere della Sera កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើផែនការរបស់ចិន ក្នុងឆ្នាំ ២០១៩ ដោយក្លាយជាប្រទេសលោកខាងលិច ដំបូងគេដែលធ្វើដូច្នេះ។ នៅក្រោមកិច្ចព្រមព្រៀងនេះ របាំងពាណិជ្ជកម្មរវាងចិន និងអ៊ីតាលី ត្រូវបានកាត់បន្ថយ ខណៈដែលទីក្រុងប៉េកាំងបានសន្យាថា នឹងវិនិយោគលើកំពង់ផែអ៊ីតាលី រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។

លោក Crosetto បានប្រាប់កាសែតដោយប្រើប្រាស់ឈ្មោះហៅក្រៅទូទៅសម្រាប់គំនិតផ្តួចផ្តើមនេះថា “ការសម្រេចចិត្តចូលរួមក្នុងផ្លូវសូត្រ [ថ្មី] គឺជាទង្វើដែលមិនច្បាស់លាស់ និងខុសឆ្គង” ។ លោក Crosetto បានពន្យល់ថា ខណៈពេលដែលការនាំចូលរបស់ចិន ទៅកាន់ប្រទេសអ៊ីតាលីបានកើនឡើងបីដងចាប់តាំងពីកិច្ចព្រមព្រៀងចូលជាធរមាន, ការនាំចេញរបស់អ៊ីតាលីទៅកាន់ប្រទេសចិន បានកើនឡើងត្រឹមតែបន្តិចប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបាននិយាយថា “បញ្ហាថ្ងៃនេះគឺ របៀបដើរថយក្រោយពី BRI ដោយមិនធ្វើឱ្យខូចទំនាក់ទំនងជាមួយទីក្រុងប៉េកាំង” ពីព្រោះវាជាការពិតដែលចិន ជាអ្នកប្រកួតប្រជែង ប៉ុន្តែចិនក៏ជាដៃគូឡើយ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីខែឧសភាថា លោកស្រីនឹងជួបពិភាក្សាជាមួយទីក្រុងប៉េកាំង ស្តីពីការដកខ្លួនចេញពីសក្តានុពលមួយ ហើយបន្ទាប់ពីជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ បានប្រាប់ Fox News ថា លោកស្រីនឹងសម្រេចបានការសម្រេចចិត្តមុនដំណាច់ឆ្នាំនេះ។វាទំនងជា ប៉ុន្តែមិនប្រាកដទេថា អ៊ីតាលីនឹងដកខ្លួនចេញពីផែនការនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top