ព័ត៌មានអន្តរជាតិ

យោធាថា បារាំង កំពុងរៀបចំផែនការវាយប្រហាររំដោះ អតីតប្រធានាធិបតីនីហ្សេ ដែលត្រូវទម្លាក់ពីអំណាច

រូបភាពពី៖​ AFP

បរទេស៖ របបយោធាដែលបានដណ្តើមអំណាចកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលដែលត្រូវបានទម្លាក់ពីអំណាចរបស់ប្រទេសនីហ្សេ បានអនុញ្ញាតឱ្យប្រទេសបារាំង ធ្វើការវាយប្រហារលើវិមានប្រធានាធិបតីដើម្បីដោះលែងប្រធានាធិបតីលោក Mohamed Bazoum ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅមុននេះ របបយោធាបានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់បរទេសដើម្បីដោះលែងលោក Bazoum ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឯវិមានប្រធានាធិបតីតាំងពីថ្ងៃពុធ នៅពេលដែលការបះបោរប្រដាប់អាវុធត្រូវបានរៀបចំឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ វរសេនីយ៍ Amadou Abdramane មេដឹកនាំរដ្ឋប្រហារម្នាក់បានអះអាងថា ប្រទេសបារាំង ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ពួកជីហាដ បាននឹងកំពុងស្វែងរកមធ្យោបាយដើម្បី “ធ្វើអន្តរាគមន៍ផ្នែកយោធា” នៅក្នុងស្ថានភាពនេះ។

លោក Abdramane បាននិយាយថា “ប្រទេសបារាំងដែលបានសមគំនិតជាមួយ ពលរដ្ឋនីហ្សេមួយចំនួន បានបើកកិច្ចប្រជុំមួយនៅអគ្គសេនាធិការនៃឆ្មាំជាតិនីហ្សេ ដើម្បីទទួលបានការអនុញ្ញាតផ្នែកនយោបាយ និងយោធាចាំបាច់” ។

យោងតាមលោក Amadou Abdramane រដ្ឋមន្ត្រីការបរទេសនីហ្សេលោក Hassoumi Massoudou និងឧត្តមសេនីយ Midou Guirey មេបញ្ជាការឆ្មាំជាតិ ទាំងពីរបានបញ្ជាក់ច្បាស់ពីរដ្ឋាភិបាលទីក្រុងប៉ារីស ដើម្បី “ធ្វើការវាយប្រហារ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top