ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីបារាំង ច្រានចោលយុទ្ធសាស្ត្របំបែកបំបាក់ចេញពីចិន និងថា ក្រុងប៉ារីស ចង់បានការចូលទៅកាន់ទីផ្សារចិន កាន់តែប្រសើរ

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានច្រានចោលការអំពាវនាវឱ្យប្រទេសបារាំង “បំបែក” ពីទីក្រុងប៉េកាំង ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ ជំនួសមកវិញ លោកបានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីសចង់បានការចូលទៅកាន់ទីផ្សារចិន កាន់តែប្រសើរ និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើងជាមួយប្រទេសនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោក Le Maire ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការចរចាជាមួយឧបនាយករដ្ឋមន្ត្រី He Lifeng នៅរដ្ឋធានីចិនថា “យើង​ប្រឆាំង​ទាំង​ស្រុង​ទៅ​នឹង​គំនិត​ នៃ​ការ​កាត់​ផ្តាច់នេះ ហើយការបំបែកណាមួយ គឺជាការបំភាន់។

រដ្ឋមន្ត្រី​បារាំង​រូបនេះបាន​និយាយ​ថា​ «​មិន​មាន​លទ្ធភាព​ នៃ​ការ​កាត់​ផ្តាច់​ប្រភេទ​ណាមួយ​រវាង​សេដ្ឋកិច្ច​អាមេរិក អឺរ៉ុប និង​ចិន​ទេ​»​។ លោក​បាន​បន្ថែម​ថា ទីក្រុង​ប៉ារីស​នឹង​មិន​ចង់ «ប្រឈម​មុខ​នឹង​ឧបសគ្គ​ផ្នែក​នីតិប្បញ្ញត្តិ ឬ​ឧបសគ្គ​ផ្សេង​ទៀត» នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ធំ​របស់​ប្រទេស​ចិន​នោះ​ទេ។

ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា បារាំង​នឹង «​រក្សា​ស្ថិរភាព​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​ចិន និង​សហភាព​អឺរ៉ុប​»​៕ ប្រែសម្រួលៈ ណៃ តុលា

To Top