ព័ត៌មានអន្តរជាតិ

ប្រទេស២ព្រមានលោកខាងលិច និងរដ្ឋនៅអាហ្វ្រិកថា អន្តរាគមន៍ណាមួយនៅក្នុងប្រទេសនីហ្សេ ស្មើនឹងប្រកាសសង្គ្រាមជាមួយពួកគេ

រូបភាពពី៖​ AFP

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃចន្ទ រដ្ឋាភិបាលយោធានៅក្នុងប្រទេសម៉ាលី និងប៊ូគីណា ហ្វាសូ បានព្រមានលោកខាងលិច និងរដ្ឋអាហ្វ្រិកផ្សេងទៀត ប្រឆាំងនឹងការធ្វើអន្តរាគមន៍នៅក្នុងប្រទេសនីហ្សេ ដែលនៅជិតខាងពួកគេ។ ប្រទេសទាំងពីរបានឱ្យដឹងថា ម៉ាលី និងប៊ូគីណា ហ្វាសូ នឹងចាត់ទុកសកម្មភាពបែបនេះថា ជាការវាយប្រហារលើប្រទេសរបស់ពួកគេផ្ទាល់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណុចទីបួននៃសេចក្តីថ្លែងការណ៍រួម ដែលអ្នកនាំពាក្យយោធា ប៊ូគីណេ បាននិយាយម្តងហើយម្តងទៀតដោយចេតនាបីដងក្នុងអំឡុងពេលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា “អន្តរាគមន៍យោធាណាមួយប្រឆាំងនឹងប្រទេសនីហ្សេ នឹងស្មើនឹងការប្រកាសសង្គ្រាមប្រឆាំងនឹងប្រទេសប៊ូគីណាហ្វាសូ និងប្រទេសម៉ាលី” ។

យោងទៅតាមសេចក្តីថ្លែងការណ៍នោះ ក្នុងករណីមានអន្តរាគមន៍បែបនេះ ប្រទេសទាំងពីរនឹងដកខ្លួនចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) និង “អនុម័តវិធានការការពារស្វ័យការពារ ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាជននីហ្សេ” ។

រដ្ឋាភិបាលទាំងពីរបានបន្ថែមទៀតថា អន្តរាគមន៍យោធាប្រឆាំងនឹងនីហ្សេ «អាចធ្វើឱ្យតំបន់ទាំងមូលមានអស្ថិរភាព ដូចមានអន្តរាគមន៍ជាឯកតោភាគីរបស់អង្គការណាតូក្នុងប្រទេសលីប៊ី ដែលជាឫសគល់នៃការពង្រីកអំពើភេរវកម្មនៅសាហែល និងអាហ្វ្រិកខាងលិច»។

សូមជម្រាថា បើយោងតាមកាសែត Financial Times បារាំងមានកងទ័ពចំនួន ១ ៥០០នាក់ និងមូលដ្ឋានយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសនីហ្សេ ខណៈដែលសហរដ្ឋអាមេរិកក៏មានទាហាន ១ ១០០នាក់ និងមូលដ្ឋានយន្តហោះគ្មានមនុស្សបើកចំនួន ២ ផងដែរ។

ទាហាននីហ្សេដឹកនាំដោយឧត្តមសេនីយ៍ អាប់ដូរ៉ាហាម៉ានី ធីឈានី (Abdourahamane Tchiani) បានបណ្តេញប្រធានាធិបតីគឺលោក មូហាម៉េដ បាហ្សួម (Mohamed Bazoum) ចេញពីអំណាច កាលពីថ្ងៃពុធសប្តាហ៍មុន។ សហភាពអាហ្រ្វិកបានថ្កោលទោសការធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រ ហើយបានទុកពេលឱ្យរបបយោធាក្នុងទីក្រុង នៀមី ចំនួន១៥ ថ្ងៃដើម្បីចុះចាញ់ ឬប្រឈមនឹង “វិធានការដាក់ទណ្ឌកម្ម” ។

សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច បានចេញឱសានវាទរបស់ខ្លួនកាលពីថ្ងៃអាទិត្យនៅឯកិច្ចប្រជុំបន្ទាន់នៅទីក្រុង អាបូចា ប្រទេសនីហ្សេរីយ៉ា ដោយនិយាយថា ខ្លួននឹង “ចាត់វិធានការទាំងអស់ដែលចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងសាធារណរដ្ឋនីហ្សេ” រួមទាំងការប្រើប្រាស់កម្លាំងទ័ពផងដែរ ប្រសិនបើលោក បាហ្សួម មិនត្រូវបានដោះលែងវិញក្នុងសប្តាហ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top