ព័ត៌មានអន្តរជាតិ

បារាំង កំពុងជួបប្រទះភាព ចង្អៀតណែន ក្នុងពន្ធនាគារ ក្រោយពីកើន អ្នកទោស រាប់ម៉ឺននាក់

ប្រភព ៖ AFP

បរទេស ៖ ប្រទេស​បារាំង​ មាន​មនុស្ស​ជាប់​ពន្ធនាគារ​ច្រើន ​ជាង​ពេល​មុនៗ​ចំនួន ៧៤.៥១៣ នាក់​, នេះ​បើ​យោង​តាម​ស្ថិតិ​ផ្លូវ​ការ ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌​បារាំងកាល​ពី​ថ្ងៃ​ចន្ទ។ ប្រទេសនេះបានបំបែកកំណត់ត្រា អ្នកទោសរបស់ខ្លួនចំនួនប្រាំមួយដង ស្ទើរតែរៀងរាល់ខែ ចាប់តាំងពីចុងឆ្នាំ ២០២២ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តួលេខនេះតំណាងឱ្យការកើនឡើងចំនួន ២ ៤៤៦នាក់ ចាប់តាំងពីឆ្នាំមុន និង ១៥ ៨១៨នាក់ ចាប់តាំងពីរដូវក្តៅ នៃឆ្នាំ ២០២០ បន្ទាប់ពីអ្នកទោសប្រហែល ១០ ០០០ នាក់ ត្រូវបានដោះលែង ដោយសារតែការផ្ទុះឡើង នៃជំងឺ Covid-19 ដើម្បីកាត់បន្ថយភាពចង្អៀត ណែនរបស់ប្រព័ន្ធពន្ធនាគារ។

ប្រទេស​បារាំង​បាន​ កើន​លើស​អ្នក​ទោស ៧៣.០០០ នាក់​ជា​លើក​ដំបូង​កាល​ពី​ខែ​មេសា​មុន។

អត្រាកាន់កាប់ សម្រាប់ប្រព័ន្ធពន្ធនាគារទាំងមូលមាន ១២២,៨ភាគរយ និងកើនឡើងដល់ ១៤៦,៣ភាគរយ សម្រាប់កន្លែងស្នាក់នៅ របស់អ្នកជាប់ឃុំបណ្តោះអាសន្ន និងអ្នកទោសដែលមានទោស ដែលជាប់គុករយៈពេលខ្លី។ ជាលទ្ធផល អ្នកទោសចំនួន ២ ៤៧៨នាក់ មិនមានគ្រែត្រឹមត្រូវ ហើយត្រូវប្រើពូកដាក់ផ្ទាល់នៅលើឥដ្ឋ ។

ពន្ធនាគាររបស់ប្រទេសបារាំង មានសភាពចង្អៀតណែនខ្លាំងពេក ដែលតុលាការសិទ្ធិមនុស្សអឺរ៉ុបបានថ្កោលទោសប្រព័ន្ធនេះក្នុងឆ្នាំ ២០២០ ចំពោះការចង្អៀត “រចនាសម្ព័ន្ធ” ដោយបញ្ជាឱ្យបង់ប្រាក់ការខូចខាតដល់អ្នកទោសចំនួន ៣២ នាក់រហូតដល់ ២៥ ០០០អឺរ៉ូ ស្មើនឹង ២៧ ០០០ដុល្លារ ចំពោះ “ការរំលោភសិទ្ធិជាមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ”។

ប្រទេសបារាំង គឺស្ថានភាព កាន់តែអាក្រក់ទៅៗ បន្ទាប់ពីកុប្បកម្មហឹង្សាបានលេបត្របាក់ប្រទេសនេះកាលពីខែមុន បន្ទាប់ពីប៉ូលីសបានបាញ់ សម្លាប់ក្មេងជំទង់ដើមកំណើត អាហ្រ្វិកខាងជើងម្នាក់ អំឡុងពេលបញ្ឈប់ចរាចរណ៍នៅទីក្រុង ណង់ទែរ។ ការទាមទាររបស់រដ្ឋាភិបាលសម្រាប់ការឆ្លើយតប “រឹងមាំ” “រហ័ស” និង “ជាប្រព័ន្ធ” បានឃើញអ្នកតវ៉ាជាង ៧៤២នាក់ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ និង ៦០០នាក់ទៀតត្រូវបានជាប់ឃុំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top