វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ការប៉ុនប៉ង របស់អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបង្អាក់ការស៊ើបអង្កេត លើការជ្រៀតជ្រែក ដែលត្រូវបានចោទប្រកាន់របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ នៅរដ្ឋ Georgia ត្រូវបានច្រានចោល ដោយចៅក្រមកាលពីថ្ងៃចន្ទ ។
ចៅក្រមនៃតុលាការកំពូលខោនធី Fulton លោក Robert McBurney បានច្រានចោលកិច្ចខិតខំប្រឹងប្រែង ដោយក្រុមច្បាប់របស់លោក ត្រាំ ដើម្បីរក្សាមេធាវីស្រុក Georgia ពីការកាត់ទោសលោកស្រី និងពីការប្រើប្រាស់ភស្តុតាងមួយចំនួន ដែលប្រមូលបាននៅក្នុងការ ស៊ើបអង្កេតរបស់លោកស្រី លើករណីនេះ ។
នៅក្នុងសេចក្តីសម្រេចរបស់លោក លោក McBurney បានលើកឡើងថា មិនមានហេតុផលណាមួយ ក្នុងការដកសិទ្ធិមេធាវីស្រុក Fulton County លោកស្រី Fani Willis ពីការបន្តការស៊ើបអង្កេត របស់លោកស្រីនោះទេ ។ លោកស្រី Willis បានផ្តល់យោបល់ថា លោកស្រី អាចស្វែងរកការចោទ ប្រកាន់ក្នុងសំណុំរឿងនេះ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
ក្រុមអ្នកច្បាប់របស់លោកត្រាំ នៅរដ្ឋ Georgia ធ្លាប់បានស្នើឱ្យតុលាការ បោះចោលភស្តុតាងទាំងអស់ ពីការស៊ើបអង្កេតរបស់គណៈវិនិច្ឆ័យធំ ដែលមានគោលបំណងពិសេស និងដកសិទ្ធិលោកស្រី Willis ដោយលើកឡើង ពីការព្រួយបារម្ភអំពីធម្មនុញ្ញភាព នៃគណៈវិនិច្ឆ័យពិសេសនៅក្នុងរដ្ឋ និងអំពី “ការិយាល័យរបស់រដ្ឋអាជ្ញា ដែលត្រូវបានរកឃើញថា មានជម្លោះជាក់ស្តែងនៅតែបន្តការស៊ើបអង្កេត” ៕
ប្រែសម្រួល ឈូក បូរ៉ា