វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានអញ្ជើញមន្ត្រីការទូតកំពូលរបស់ចិនលោក វ៉ាង យី ជាផ្លូវការទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ត្រូវបានចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសវិញ កាលពីសប្តាហ៍មុន នេះបើតាមមន្ត្រីក្រសួងការបរទេស។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Matthew Miller បានឱ្យដឹងថា ការអញ្ជើញនេះ ត្រូវបានបន្តក្នុងអំឡុង ពេលកិច្ចប្រជុំអ្នកការទូតជាន់ខ្ពស់ នៃប្រទេសទាំងពីរ នៅរដ្ឋធានីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
បន្ទាប់ពីអវត្តមានយ៉ាងអាថ៌កំបាំងរយៈពេលមួយខែពីកាតព្វកិច្ចសាធារណៈ អតីតអ្នកស្នងតំណែង របស់លោក គឺលោក Qin Gang ត្រូវបានបណ្តេញចេញពីមុខតំណែងភ្លាមៗត្រឹមតែ ៧ខែបន្ទាប់ពីការតែងតាំង ដោយរដ្ឋាភិបាលចិន មិនផ្តល់ការពន្យល់ សម្រាប់ការដករូបលោកចេញនោះទេ ។
នៅពេលសួរថាតើប្រទេសចិន បានទទួលយកការអញ្ជើញនេះដែរឬទេ លោក Miller បានលើកឡើងថា លោកនឹងមិននិយាយក្នុងនាម ទីក្រុងប៉េកាំងនោះទេ ប៉ុន្តែលោកបានបន្ថែមនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងពិតជារំពឹងថា វាជាអ្វីមួយដែលពួកគេនឹង ទទួលយក ហើយជាការធ្វើដំណើរ ដែលយើងរំពឹងថា នឹងកើតឡើង ប៉ុន្តែយើងមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ” ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីពាក់កណ្តាលខែមិថុនា ដោយបានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ក្នុងកិច្ចពិភាក្សាជាបន្តបន្ទាប់។
មន្ត្រីរួមមានលោក វ៉ាង យី និងលោក Qin ដែលនៅពេលនោះ លោក Blinken ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨ ដើមឡើយបានបន្តការអញ្ជើញទៅកាន់រដ្ឋមន្ត្រីការបរទេសចិនលោក Qin នាពេលនោះ។
លោក វ៉ាង យី ជារដ្ឋមន្ត្រី ការបរទេស ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ មុនពេលក្លាយជាប្រធានការិយាល័យ គណៈកម្មាធិការ កិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាមុខតំណែង ដែលត្រូវបានចាត់ទុកថា ជាអ្នកការទូតកំពូលរបស់ប្រទេសចិន។
គួរបញ្ជាក់ថា ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយប្រទេសចិន មុនពេលការប្រកួតប្រជែង តំណែងប្រធានាធិបតី អាមេរិកឆ្នាំ២០២៤ ឈានចូលពេញទំហឹង ការកើនឡើងនៃចំនួនមន្ត្រីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងពិភាក្សាជា មួយសមភាគីចិន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា