តេអេរ៉ង់៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់ កំពូលម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក ព្យាយាមពង្រីកវត្តមានខុសច្បាប់ របស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយបង្កើតវិបត្តិ នៅក្នុងរដ្ឋអារ៉ាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad ក្នុងរដ្ឋធានីតេអេរ៉ង់ ។
លោក Ahmadian បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងបង្កើតវិបត្តិនៅក្នុងប្រទេសស៊ីរី ដោយចាប់ផ្តើមយុទ្ធនាការយោធា និងជម្លោះ ដែលគ្រប់គ្រងដោយមានបំណងធ្វើឱ្យខូចនិន្នាការថ្មីនៃការកើនឡើង និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ ហើយបានផ្តាច់ខ្លួនចេញពីតួនាទីដ៏សំខាន់ និងមានឥទ្ធិពលនៅក្នុងកិច្ចការរដ្ឋអារ៉ាប់។
លោកបានបន្ថែមថា “ប្រព័ន្ធអនុត្តរភាពសកល” បានបញ្ចេញសម្ពាធនយោបាយ និងអន្តរជាតិ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រទេសស៊ីរី ខណៈពេលដែលគាំទ្រសកម្មភាពភេរវកររបស់ក្រុមរដ្ឋអ៊ីស្លាម និងរណសិរ្ស Al-Nusra ក្នុងរដ្ឋអារ៉ាប់។
អ៊ីរ៉ង់ ស្វាគមន៍ ចំពោះភាពប្រសើរឡើងនាពេលថ្មីៗនេះរបស់ស៊ីរី ក្នុងទំនាក់ទំនងការទូតជាមួយប្រទេសក្នុងតំបន់មួយចំនួន ហើយចាត់ទុកវាជាជំហានសំខាន់មួយឆ្ពោះទៅរកដំណោះស្រាយនៃភាពខុសគ្នាក្នុងចំណោមរដ្ឋមូស្លីម ដែលនឹងនាំឱ្យមានស្ថិរភាព និងសន្តិសុខយូរអង្វែង និងកាត់បន្ថយការជ្រៀតជ្រែកពីបរទេសនៅក្នុងតំបន់។
លោក Ahmadian បានសាទរ ចំពោះទំនាក់ទំនងយុទ្ធសាស្ត្ររវាងអ៊ីរ៉ង់ និងស៊ីរី ក្នុងវិស័យនយោបាយ និងសន្តិសុខ ដោយបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងតេអេរ៉ង់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងដាម៉ាស់។ ចំណែករដ្ឋមន្ត្រីស៊ីរីវិញបានឲ្យដឹងថា ក្រុងដាម៉ាស បានប្ដេជ្ញាចិត្តនិងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយក្រុងតេអេរ៉ង់លើគ្រប់វិស័យ។
លោក Mekdad បានលើកឡើងថា “វត្តមានយោធាអាមេរិកខុសច្បាប់នៅក្នុងប្រទេសស៊ីរី គឺជាការរំលោភលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេស” ដោយបន្ថែមថា សហរដ្ឋអាមេរិក កំពុងស្វែងរកការស្តារឡើងវិញនូវកោសិកាភេរវករនៅក្នុងប្រទេសស៊ីរី ដើម្បីបំផ្លាញស្ថិរភាពយូរអង្វែងប្រទេសនេះ៕ ប្រែសម្រួល ឈូក បូរ៉ា