ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចាប់ផ្តើមសង់រោងចក្រផលិតតួយន្តហោះចម្បាំង F-35A

រូបភាពពី៖​ XINHUA

បរទេស៖ ប្រទេសអាល្លឺម៉ង់ បានផ្តួចផ្តើមសាងសង់រោងចក្រដោយក្រុមហ៊ុនម៉ៅការការពារជាតិឈ្មោះ Rheinmetall ដើម្បីផលិតផ្នែក នៃតួរបស់យន្តហោះសម្រាប់យន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិកនៅជិតក្រុង Weeze ក្នុងរដ្ឋ North Rhine-Westphalia (NRW) , នេះបើតាមនាយករដ្ឋមន្ត្រីប្រចាំរដ្ឋ NRW របស់ប្រទេស អាល្លឺម៉ង់ លោក Hendrik Wust បាននិយាយកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីដែលបានចាក់គ្រឹះសម្រាប់ការសាងសង់រោងចក្រនោះថា “ទាហានរបស់យើងត្រូវការសព្វាវុធល្អបំផុត។ រោងចក្រទំនើបបំផុតដែលបានគ្រោងទុកនៅ Weeze មិនត្រឹមតែមានផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានផ្នែកការពារផងដែរ” ។

លោក Hendrik Wust ក៏បានលើកឡើងពីជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលលោកបានកត់សម្គាល់ថា បាននាំឱ្យមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ដែលបង្ហាញពីតម្រូវការសម្រាប់ “លទ្ធិប្រជាធិបតេយ្យ ដើម្បីអាចការពារខ្លួនបាន”។

កាលពីខែកក្កដា ក្រុមហ៊ុន Rheinmetall បានលើកឡើងថា ការសាងសង់រោងចក្រនេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាវុធអាមេរិក Northrop Grumman និង Lockheed Martin ។ រោងចក្រដែលត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរឆ្នាំខាងមុខ នឹងផលិតផ្នែកតួយន្តហោះ F-35A យ៉ាងហោចណាស់ ៤០០ គ្រឿងសម្រាប់កងទ័ពអាកាសរបស់ប្រទេសអាល្លឺម៉ង់ និងប្រទេសដទៃទៀត។ សមាសធាតុនឹងត្រូវបានបញ្ជូនបន្តទៅបណ្តាញដំឡើងនៅសហរដ្ឋអាមេរិក។

នៅឆ្នាំ ២០២២ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសទិញយន្តហោះចម្បាំង F-35 ចំនួន៣៥ គ្រឿង ដើម្បីជំនួសយន្តហោះ Tornado ចាស់របស់ខ្លួននៅឆ្នាំ ២០២៧៕ ប្រែសម្រួលៈ ណៃ តុលា

To Top