ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន​សព្វាវុធធំៗ នៅ​អាមេរិក ទទួលបានទឹក​ប្រាក់​ ចំនួន ៩,៧ ពាន់​លាន​ដុល្លារ ​ដើម្បីបំពេញ ឃ្លាំង​អាវុធ ​ដែល​បាន​បញ្ជូន​ទៅ​អ៊ុយក្រែន

ប្រភព៖ AFP

រទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិរបស់សហរដ្ឋអាមេរិក បានទទួលប្រាក់ជិត ១០ ពាន់លានដុល្លារ នៅក្នុងការបញ្ជាទិញអាវុធថ្មីរបស់ក្រសួងការពារជាតិ ដើម្បីជំនួសប្រព័ន្ធអាវុធ ដែលបានបញ្ជូនជាជំនួយដល់ប្រទេសអ៊ុយក្រែន។

ដោយលើកឡើងពីតួលេខផ្លូវការ របស់ក្រសួងការពារជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា មន្ទីរបញ្ចកោណបានប្រើប្រាស់ថវិកាចំនួន ៩,៧ ពាន់លានដុល្លារ ដើម្បីបំពេញឃ្លាំងអាវុធ និងគ្រាប់រំសេវ ដែលបាត់បង់របស់ខ្លួន ក្នុងចំណោម ចំនួនសរុប ២៦ ពាន់លានដុល្លារ ដែលត្រូវបាន អនុម័តរួចហើយ សម្រាប់គោលបំណងនោះ ដោយសភាអាមេរិក។

ក្រុមហ៊ុន Lockheed Martin ទទួលបានជិត ២,៣ ពាន់លានដុល្លារនៃសក្តានុពលចំនួន ៦ ពាន់លានដុល្លារ ​ ​និងចំនួន ១,៩ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការបណ្តាក់ទុនរួមគ្នារបស់ខ្លួនជាមួយ RTX ដែលពីមុនត្រូវបានគេស្គាល់ថា Raytheon Technologies ដើម្បីបំពេញឃ្លាំងអាវុធរបស់ Javelin។

ក្រុមហ៊ុន Lockheed ក៏ត្រូវបានគេរំពឹងថា នឹងទទួលបាន ១,៤ ពាន់លានដុល្លារនៃសក្តានុពល ៥,២ពាន់លានដុល្លារ ដើម្បីជំនួសមីស៊ីលនាំផ្លូវ សម្រាប់ប្រព័ន្ធរ៉ុក្កែត Guided Multiple Launch Rocket System (GMLRS) ខណៈ RTX នឹងទទួលបាន ៨៤៤ លានដុល្លារបន្ថែមទៀត ដើម្បីជំនួសប្រព័ន្ធប្រឆាំងយន្តហោះ និងប្រឆាំងមីស៊ីល Patriot PAC-3 MSE ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន។

RTX នឹងទទួលបាន ៥៨១ លានដុល្លារ នៃសក្តានុពល ៦២៤ លានដុល្លារ ដើម្បីជំនួសការផ្គត់ផ្គង់កងកម្លាំង ប្រដាប់អាវុធអាមេរិកនៃកាំជ្រួចប្រឆាំងយន្តហោះ Stinger ហើយសភាក៏បានផ្តល់ប្រាក់ចំនួន ១៨,៦ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់តម្រូវការការពាររយៈពេលវែង របស់អ៊ុយក្រែនផងដែរ។ របាយ​ការណ៍​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ប្រាក់​ចំនួន ៧ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន ​អាមេរិករួចរាល់ហើយ។

RTX ត្រូវបានគេរាយការណ៍ថា មានការប្តេជ្ញាចិត្តរបស់មន្ទីរបញ្ចកោណក្នុងតម្លៃ ១,២ ពាន់លានដុល្លារនៃសក្តានុពល ១,៤ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារដែនអាកាស NASSAM រយៈចម្ងាយឆ្ងាយរបស់ខ្លួន។

នៅក្នុងនោះដែរ ក្រុមហ៊ុន General Dynamics និងក្រុមហ៊ុនអ្នកម៉ៅការផ្សេងទៀត នឹងទទួលបាន ៩០១ លានដុល្លារក្នុង ចំណោម ១,៤ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងគ្រាប់រំសេវប្រភេទ ១៥៥មីលីម៉ែត្រ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top