ព័ត៌មានអន្តរជាតិ

ការបោះឆ្នោត សភានៅជុំបន្ទាប់ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីទី៣០របស់ថៃ ត្រូវពន្យាពេល រហូតមានការសម្រេចពីតុលាការលើបណ្តឹងប្រឆាំងលោក Pita

រូបភាពពី៖​ XINHUA

បរទេស៖ ប្រធានសភារបស់ប្រទេសថៃ បានប្រកាសផ្អាកការបោះឆ្នោតសភានៅជុំបន្ទាប់សម្រាប់នាយករដ្ឋមន្ត្រីថ្មី ពីថ្ងៃសុក្រ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញបានប្រកាសថា ខ្លួនកំពុងពន្យារពេលសេចក្តីសម្រេចរបស់ខ្លួនលើដំណោះស្រាយរបស់សភា ក្នុងការបដិសេធការតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រី។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wan Muhamad Noor Matha ប្រធានសភាថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកត្រូវពន្យារពេលការបោះឆ្នោត នៅថ្ងៃសុក្រនេះ ដោយសារតែតុលាការមិនទាន់សម្រេចលើការបដិសេធការតែងតាំងរបស់លោក Pita នៅឡើយទេ។

លោក Wan បាននិយាយថា “តុលាការមិនទាន់សម្រេចលើការតវ៉ាអំពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងសំណើខាងគណៈកម្មការសភា ដើម្បីពន្យារពេលការបោះឆ្នោតបន្ទាប់សម្រាប់នាយករដ្ឋមន្ត្រី” ។

តុលាការធម្មនុញ្ញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃព្រហស្បតិ៍ រយៈពេល ៨១ ថ្ងៃបន្ទាប់ពីអ្នកបោះឆ្នោតបានទៅបោះឆ្នោតថា ពាក្យបណ្តឹងត្រូវការការពិចារណាយ៉ាងប្រុងប្រយ័ត្ន។

យោងតាមសេចក្តីថ្លែងការណ៍ តុលាការបានបញ្ជាឱ្យបុគ្គលិករបស់ខ្លួនសិក្សាព័ត៌មានពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការពិចារណា ព្រោះញត្តិពាក់ព័ន្ធនឹងបញ្ហារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយតុលាការរំពឹងថា នឹងធ្វើសេចក្តីសម្រេចនៅថ្ងៃទី ១៦ ខែសីហា៕ ប្រែសម្រួលៈ ណៃ តុលា

To Top