បរទេស៖ ប្រភពពីគណបក្សភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់មកកាន់ប្រទេសថៃវិញ គឺនឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ត្រូវបានបង្កើតឡើង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានគេជឿថា ជាមេដឹកនាំបក្សភឿថៃ, ដំបូងមានគម្រោងវិលត្រឡប់មកវិញនៅថ្ងៃទី ១០ខែសីហានេះ។ ផែនការវិលចូលស្រុកនេះត្រូវបានប្រកាសដោយកូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន “អ៊ុង អ៊ីង” ស៊ីណាវ៉ាត្រា កាលពីសប្តាហ៍មុននៅលើ Instagram ។ លោកស្រីបាននិយាយថា ឪពុករបស់លោកស្រីនឹងមកដល់អាកាសយានដ្ឋានដនមឿង នៅថ្ងៃព្រហស្បតិ៍ក្រោយ។
ប្រភពបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើដើម្បីធានាថាការវិលត្រឡប់របស់គាត់ប្រព្រឹត្តទៅដោយរលូន។
ប្រភពពីគណបក្សភឿថៃបាននិយាយថា លោក ថាក់ស៊ីនបានសម្រេចចិត្តពន្យារពេលការវិលត្រឡប់មកកាន់ប្រទេសថៃ នៅពេលស្តាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថាតើការតែងតាំងលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសភាលើកទីពីរគឺស្របតាមរដ្ឋធម្មនុញ្ញ។
លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានចាញ់ការបោះឆ្នោតលើកទីមួយ ជុំវិញជំហររបស់លោកក្នុងការធ្វើវិសោធនកម្ម
ផ្នែកទី ១១២ នៃក្រមព្រហ្មទណ្ឌ ត្រូវបានគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។
ប្រភពបានបន្ថែមថា លោកថាក់ស៊ីនក៏ជឿថា លោកគួរតែរង់ចាំសិន នៅពេលដែលគណបក្សភឿថៃកំពុងពិភាក្សាជាមួយភាគីផ្សេងទៀតដើម្បីចូលរួមសម្ព័ន្ធថ្មីរបស់ខ្លួន។
នៅពេលនេះ គណបក្សចំនួនបីទៀត ទំនងជាចូលរួមជាមួយប្លុកដែលដឹកនាំដោយគណបក្សភឿថៃ គឺគណបក្ស ប៊ុមចៃថៃ , គណបក្ស ឆាតថៃប៉ាតាណា និងគណបក្សប្រជាធិបតេយ្យ។ ការចរចានៅតែកំពុងដំណើរការជាមួយគណបក្ស United Thai Nation (UT) និងគណបក្ស ប៉ាឡាំង ប្រាឆារ៉ាត់ (PPRP) ប៉ុន្តែគណបក្សតូចៗជាច្រើនត្រូវបានគេរំពឹងថា នឹងជួយជំរុញប្លុកនេះដែរ។
លោក ពិចិត្រ តាម៉ុន (Pichit Tamoon) ដែលជាតួអង្គសំខាន់នៃរណសិរ្សរួបរួមនៃក្រុមអាវក្រហមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការនៃសម័យឈៀងម៉ៃ បាននិយាយថា សេចក្តីប្រកាសអំពីការវិលត្រឡប់របស់លោកថាក់ស៊ីននៅថ្ងៃទី ១០ ខែសីហា គ្រាន់តែជាឧបាយកលដើម្បីបង្រួបបង្រួមការគាំទ្រពីអ្នកអាណិតអាសូរភឿថៃប៉ុណ្ណោះ។
លោកថា ខ្ញុំមិនគិតថា លោកថាក់ស៊ីននឹងត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗនេះទេ ព្រោះបារម្ភពីសុវត្ថិភាព។ មានមនុស្សជាច្រើនដែលស្អប់គាត់»។
លោក ពិចិត្រ បាននិយាយទៀតថា “អ្នកគាំទ្រអាវក្រហមនឹងខកចិត្តប្រសិនបើលោកមិនត្រឡប់មកវិញ ប៉ុន្តែយើងស៊ាំនឹងរឿងបែបនេះហើយ ដូចដែលយើងបានរង់ចាំប្រហែល ២០ ឆ្នាំមកហើយ។ វាអាស្រ័យលើលោក ថាក់ស៊ីន ក្នុងការសម្រេចចិត្តថាពេលណាត្រូវត្រលប់មកវិញ” ។
ចំណែកអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ដាំរ៉ុងសាក់ គិតិប្រាប៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន មិនបានបញ្ជាក់ពីកាលវិភាគរបស់លោកជាមួយប៉ូលីសនោះទេ។
លោកថាក់ស៊ីនបានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០០៨ មិនយូរប៉ុន្មានមុនពេលលោកត្រូវបានកាត់ទោសដោយតុលាការកំពូលពីបទជួយប្រពន្ធរបស់លោកគឺលោកស្រី ឃុនយីង ពិតចាម៉ាន់ណា ប៉ុមបាយរ៉ា ទិញដីនៅតំបន់ រ៉ាត់ឆាដា ភីសេក ក្នុងតម្លៃដែលបញ្ចុះតម្លៃខណៈពេលដែលលោកជានាយករដ្ឋមន្ត្រី៕ ប្រែសម្រួលៈ ណៃ តុលា