ព័ត៌មានអន្តរជាតិ

របបយោធានីហ្សេ ផ្តាច់ទំនាក់ទំនង យោធាជាមួយបារាំង និងព្រមានរដ្ឋអាហ្វ្រិក ដែលនៅជិតខាងរបស់ខ្លួន កុំឱ្យធ្វើអន្តរាគមន៍ណាមួយ

រូបភាពពី៖​ AFP

បរទេស៖ ក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិរបស់នីហ្សេ បានបរិហារកិច្ចព្រមព្រៀងយោធាជាមួយប្រទេសបារាំង និងបានព្រមានរដ្ឋអាហ្វ្រិក ដែលនៅជិតខាងរបស់ខ្លួន កុំឱ្យធ្វើអន្តរាគមន៍ណាមួយ, នេះបើយោងតាមសារព័ត៌មាន AFP ។ របបយោធាបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ អ្នកតំណាងនៃរដ្ឋាភិបាលដែលជាអ្នកបះបោរ នៃក្រុមនយោបាយមានអាវុធ បាននិយាយថា ប្រទេសនីហ្សេ នឹង “ផ្អាក” ភ្លាមៗ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសបារាំង រួមទាំងកិច្ចព្រមព្រៀងដែលទីក្រុងប៉ារីស បានដាក់ពង្រាយទាហានប្រហែល ១ ៥០០នាក់នៅក្នុងតំបន់ Sahel ។

បើយោងតាម AFP , នៅព្រឹកព្រលឹមថ្ងៃខួបលើកទី ៦៣ នៃឯករាជ្យរបស់នីហ្សេ ពីទីក្រុងប៉ារីស របបយោធារបស់លោកឧត្តមសេនីយ៍ Tchiani បានបិទសញ្ញារបស់ទូរទស្សន៍បារាំង France 24 និងវិទ្យុបារាំងអន្តរជាតិ (RFI) ។

សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានចេញឱសានវាទដល់ប្រទេសនីហ្សេ ដើម្បីដោះលែងប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ គឺ លោក Mohamed Bazoum នៅថ្ងៃសុក្រ ឬប្រឈមមុខនឹងអន្តរាគមន៍យោធា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រទេសជិតខាងភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា បានចាប់ផ្តើមប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនរួចហើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top