ព័ត៌មានអន្តរជាតិ

ការធ្វើអន្តរាគមន៍យោធា របស់លោកខាងលិច ប្រឆាំងរដ្ឋប្រហារនៅប្រទេសនីហ្សេ អាចកើនឡើងទៅជា សង្រ្គាមនៅពិភពអាហ្វ្រិក

AFP

បរទេស៖ សកម្មជនម្នាក់បានប្រាប់សារព័ត៌មាន RT ថា យុទ្ធនាការដឹកនាំដោយលោកខាងលិច ដើម្បីបង្ខំឱ្យរដ្ឋាភិបាលស្តីទីរបស់នីហ្សេ ផ្តល់អំណាចដល់អតីតប្រធានាធិបតី លោក Mohamed Bazoum ឡើងវិញ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន គឺអាចផ្ទុះឡើងទៅជាជម្លោះកាន់តែធំឡើង ដែលដាក់អំណាចណាតូប្រឆាំងនឹងរុស្ស៊ី និងចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Franklin Nyamsi ប្រធានវិទ្យាស្ថានសេរីភាពអាហ្រ្វិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងបទសម្ភាសន៍ជាមួយ RT ថា “ឥឡូវនេះយើងនៅមាត់ទ្វារ នៃសង្រ្គាមពិភពអាហ្វ្រិក” ។

លោកបានបន្ថែមថា ប្រសិនបើសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ចាត់វិធានការយោធា ដូចដែលបានគំរាមកំហែង ដើម្បីដករដ្ឋាភិបាលថ្មីរបស់នីហ្សេ ចេញ នោះសម្ព័ន្ធមិត្តដូចជា ប្រទេស Burkina Faso និង ប្រទេស Mali ទំនងជានឹងចូលមកការពារប្រទេស នីហ្សេ ជាក់ជាមិនខាន។

ECOWAS និងសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុអាហ្វ្រិកខាងលិច (WEMU) បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនីហ្សេថ្មី កាលពីសប្តាហ៍មុន ដោយផ្អាកប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ និងបង្កកទ្រព្យសម្បត្តិរបស់ប្រទេសនេះ នៅក្នុងរដ្ឋជាសមាជិក ECOWAS ។
ធនាគារអភិវឌ្ឍន៍ក្នុងតំបន់ បានកាត់ផ្តាច់ជំនួយទាំងអស់ ដូច EU និងបារាំងដែរ។ សហរដ្ឋអាមេរិក និងសហភាពអាហ្វ្រិកក៏បានគំរាមធ្វើតាមដែរ។ ECOWAS បានទាមទារឱ្យរបបយោធា ផ្តល់អំណាចដល់លោក Bazoum ដែលស្ថិតនៅក្រោមការឃុំខ្លួន ក្នុងផ្ទះចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី ៦ ខែសីហា ឬប្រឈមមុខនឹងសកម្មភាព យោធាដោយប្លុកក្នុងតំបន់។

លោក Nyamsi បានអះអាងថា ECOWAS កំពុងធ្វើសកម្មភាពជំនួស ផលប្រយោជន៍សហរដ្ឋអាមេរិក និងអង្គការណាតូ ដូច អតីតប្រធានាធិបតីគឹលោក Bazoum ដែរ ហើយគ្មានសិទ្ធិអំណាចក្នុងធម្មនុញ្ញរបស់ខ្លួន ដើម្បីវាយប្រហារសមាជិកណាមួយឡើយ។ លោក Nyamsi បានអះអាងទៀតថា ប្រមុខរដ្ឋ ECOWAS ដែលគាំទ្រការឆ្លើយតបរបស់ប្លុក ចំពោះរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ គឺជាជនផ្តាច់ការដែលទទួលខុសត្រូវ ចំពោះការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងប្រទេសរបស់ពួកគេ ។

ប្រធានវិទ្យាស្ថានសេរីភាពអាហ្រ្វិករូបនេះ បន្ថែមថា អន្តរាគមន៍យោធាដោយ ECOWAS នឹងក្លាយជា “ការប្រកាសសង្គ្រាម” មិនត្រឹមតែប្រឆាំងនឹងប្រទេសនីហ្សេ តែមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹង សមាជិកដែលមិនយល់ស្រប រួមទាំងប្រទេស Burkina Faso , ប្រទេស ម៉ាលី និងប្រហែលជាប្រទេសហ្គីណេផងដែរ។ លោកថា “ប្រទេសទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេប្រឆាំងនឹងអ្វីដែលដដែលៗ ដែលបានកើតឡើងប្រឆាំងនឹងប្រទេសលីប៊ីក្នុងឆ្នាំ ២០១១” នៅពេលដែលអង្គការណាតូ បានផ្តួលរំលំរដ្ឋាភិបាលលីប៊ី ហើយបានសម្លាប់ប្រធានាធិបតី Muammar Gaddafi និងពួកភេរវករអ៊ីស្លាមប្រដាប់អាវុធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top