ព័ត៌មានអន្តរជាតិ

ចិនបញ្ជួនប្រតិភូ ទៅចូលរួមកិច្ចប្រជុំ ដើម្បីសន្តិភាព នៅអ៊ុយក្រែន

បរទេស ៖ ក្រសួងការបរទេសចិន បានប្រកាស កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយថា ចិននឹងបញ្ជូនក្រុមការងារ ដើម្បីទៅចូលរួមកិច្ចប្រជុំ ដើម្បីសន្តិភាព នៅអ៊ុយក្រែន ដែលមានប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះ។

យោងតាមការចេញ ផ្សាយ របស់ RT សេចក្តីប្រកាសដដែល បានសរសេរទៀត ថា ប្រេសិតពិសេសតំណាង ឲ្យរដ្ឋាភិបាលចិន នឹងធ្វើដំណើរទៅចូលរួម ក្នុងគោលបំណង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង បញ្ចប់ជម្លោះនៅអ៊ុយក្រែន ។

ក្រសួងក៏បានបញ្ជាក់ទៀតថា តំណាងពិសេស របស់ប្រទេសចិន សម្រាប់កិច្ចការនៅតំបន់ Eurasia គឺលោក Li Hui នឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុង Jeddahហើយោប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍ អន្តរជាតិ ដើម្បីបន្តដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយ នយោបាយនៃវិបត្តិអ៊ុយក្រែន ។

គួរឲ្យដឹងដែរថា ប្រទេសចំនួន៣០ ត្រូវបានគេរាយការណ៍ថា ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំកំពូលនេះ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top