បរទេស ៖ គណបក្ស Palang Pracharath Party (PPRP) ទំនងជានឹងចូលរួម ជាមួយក្រុមគណបក្ស នយោបាយចម្រុះថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ ដែលកំពុងស្វែងរកការប្រមូលសំឡេងគាំទ្រ ពីសមាជិកសភា យ៉ាងតិចឱ្យបាន ៣០០ នាក់ ដើម្បីធានាបាននូវរដ្ឋាភិបាលថ្មីមួយ ដែលមានស្ថិរភាព។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈដែលគណបក្សភឿថៃ អាចទទួលបានការគាំទ្រគ្រប់គ្រាន់ ពីគណបក្សផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាល ភាគច្រើន បក្សនេះនៅតែបន្តធ្វើការ បញ្ចុះបញ្ចូល គណបក្សជាច្រើនទៀតឱ្យចូលរួម ដើម្បីធានាថា រដ្ឋាភិបាលថ្មីមានសមាជិកសភា សរុបរហូតដល់លើសពី ៣០០ នាក់ ។
ប្រភពបាននិយាយថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រី ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ត្រូវបានពន្យារពេលមកនោះ នៅពេលនេះ គណបក្សភឿថៃ នឹងមានពេលវេលាបន្ថែមទៀត ដើម្បីធ្វើការលើក្រុមចម្រុះនាពេលអនាគត ។
បច្ចុប្បន្ន មានគណបក្សច្រើន ដែលបានយល់ព្រមចូលរួមក្នុងក្រុមចម្រុះថ្មីរួមមាន គណបក្ស Bhumjaithai, គណបក្ស Chartthaipattana, គណបក្ស the Democrats និង គណបក្ស Prachachat រួមទាំងគណបក្សតូចៗ មួយចំនួនទៀត។
ប្រភពបាននិយាយទៀតថា “ប្រសិនបើគណបក្ស United Nation [UT] Party និង PPRP ត្រូវបាននាំយកមកក្នុងសម្ព័ន្ធ នោះចំនួនសមាជិកសភា នឹងកើនឡើង ដល់ប្រហែល ៣០០នាក់” ។
ក្នុងចំណោមគណបក្សទាំងពីរ គណបក្ស PPRP ទំនងជានឹងចូលរួម ដោយមានការពិភាក្សា រវាងបក្សទាំងពីរដែលកំពុងបន្តបន្ទាប់ ពីការជាប់ឆ្នោតឡើងវិញ របស់ឧត្តមសេនីយ៍ ប្រាវីត វង្សស៊ូវុន ជាមេដឹកនាំបក្សនេះ ប៉ុន្មានម៉ោងបន្ទាប់ពីលោកចុះចេញពីតំណែង កាលពីថ្ងៃទី ២៩ ខែកក្កដា។
យោងតាមអ្នកសង្កេតការណ៍ ប្រសិនបើគណបក្សភឿថៃរួមបញ្ចូលទាំង PPRP និង គណបក្ស UT វាអាចរំពឹងថា នឹងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ចំពោះការភ្លេចពាក្យសន្យារបស់ខ្លួន នៅមុនការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភាដែលថា គណបក្សនឹង មិនដំណើរការជាមួយគណបក្ស ដែលហៅថា “ពូ” ដោយសំដៅដល់អ្នកដែលជាប់ពាក់ព័ន្ធ នឹងមេដឹកនាំយោធា ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ ២០១៤ ។
ពាក្យ “ពូ” សំដៅលើនាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា អតីតទីប្រឹក្សា UT និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន និងឧត្តមសេនីយ៍ ប្រាវីត វង្សស៊ូវុន មេដឹកនាំ PPRP និងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។
ប្រភពបន្តថា ការជាប់ឆ្នោតឡើងវិញ របស់លោកឧត្តមសេនីយ៍ ប្រាវីត វង្សស៊ូវុន ជាមេដឹកនាំគណបក្ស PPRP អាចជាសញ្ញាមួយដែលថា លោកប្រហែលជាចង់បង្កើតរដ្ឋាភិបាលភាគតិចជាមួយ នឹងសមាជិកសភាចំនួន ១៨៨ នាក់ មកពីគណបក្សនៅក្នុងរដ្ឋាភិបាល ដែលកំពុងបន្ត និងសមាជិកសភារាប់សិបនាក់ ដែលបដិសេធពីគណបក្ស ប្រកួតប្រជែង ៕
ប្រែសម្រួលៈ ណៃ តុលា