ព័ត៌មានអន្តរជាតិ

JMA ៖ ព្យុះទីហ្វុង Khanun នឹងបង្កជាព្យុះភ្លៀង ដ៏ខ្លាំងក្លា នៅដែនកោះអូគីណាវ៉ា

ប្រភព ៖ AFP

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានរាយការណ៍មកថា ព្យុះទីហ្វុងដ៏ មានឥទ្ធិពលឈ្មោះថា Khanun នឹងនាំមកនូវខ្យល់បោកបក់ និងព្យុះភ្លៀងមកលើខេត្តកោះ អូគីណាវ៉ា (Okinawa) ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា ព្យុះ Khanun ជាព្យុះទីហ្វុងទី៦ប្រចាំឆ្នាំនេះ នឹងខិតជិតដល់ដែនកោះ Okinawa និងកោះ Amami-Oshima នៅភាគនិរតីនៃខេត្ត Kagoshima ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ដោយក្រោយមកគេរំពឹងថា នឹងស្ងប់ខ្យល់ព្យុះនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ។

គិតត្រឹមម៉ោង១០យប់ ម៉ោង ក្នុងស្រុកកាលពីថ្ងៃសុក្រ ព្យុះទីហ្វុងដ៏ខ្លាំងបានស្ថិតនៅភាគពាយ័ព្យនៃទីក្រុង Kumejima ដោយផ្លាស់ទីទៅភាគឦសាន ក្នុងល្បឿនប្រហែល១០គីឡូម៉ែត្រក្នុង១ម៉ោង ហើយព្យុះនេះមានសម្ពាធបរិយាកាស៩៦៥ hectopascals នៅចំណុចកណ្តាលរបស់ព្យុះនេះ ដោយមានខ្យល់បក់រហូតដល់៥០ម៉ែត្រក្នុង១វិនាទី ។

ព្យុះទីហ្វុងត្រូវបានគេរំពឹងថា នឹងខិតជិតដល់កោះ Okinawa និង Amami នៅចុងសប្តាហ៍នេះ ខណៈដែលព្យុះនេះ រក្សាបាននូវកម្លាំងដ៏ខ្លាំងក្លា បន្ទាប់មករំកិលខ្លួនទៅភាគខាងជើង លើសមុទ្រភាគខាងត្បូង នៃប្រទេសជប៉ុន មុនពេលចូលទៅដល់ភាគខាងលិច នៃប្រទេសជប៉ុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top