ព័ត៌មានអន្តរជាតិ

ប្រធានសភារដ្ឋ Duma របស់រុស្ស៊ី ថា អាមេរិក កំពុងប្រែកោះតៃវ៉ាន់ ឱ្យក្លាយជាអ៊ុយក្រែន ទីពីរ

រូបភាពពី៖​ AFP

បរទេស៖ អង្គការសហប្រជាជាតិត្រូវតែថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការទិញសព្វាវុធសម្រាប់កោះតៃវ៉ាន់ ដោយសារតែ “សកម្មភាពបង្កហេតុ” ទាំងនេះ បង្កជាហានិភ័យដែលឱ្យមានជម្លោះដ៏ធំមួយដែលពាក់ព័ន្ធនឹងប្រទេសចិន, នេះបើតាមប្រធានសភារដ្ឋ Duma របស់រុស្ស៊ី គឺលោក Vyacheslav Volodin បាននិយាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សរសេរនៅលើ Telegram កាលពីថ្ងៃសៅរ៍ លោក Volodin បានអះអាងថា “ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំកោះតៃវ៉ាន់ ឱ្យដើរតាមជោគវាសនារបស់អ៊ុយក្រែន” និងបានស្តីបន្ទោសប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ពីបទ “បង្កើតកំហុសមួយទៀត” ដោយគ្រោងផ្តល់ជំនួយយោធាដល់កោះដែលគ្រប់គ្រងដោយខ្លួនឯងដោយប្រើប្រាស់ ប្រាក់មួយចំនួនដែលបានកំណត់សម្រាប់អ៊ុយក្រែន។

ប្រធានសភារដ្ឋ Duma រូបនេះ បានសំដៅទៅលើរបាយការណ៍របស់សារព័ត៌មាន Financial Times នាពេលថ្មីៗនេះ ដោយអះអាងថា សេតវិមានគ្រោងនឹងស្នើសុំសភាឱ្យពន្លឿនការផ្តល់ថវិកាសម្រាប់ទីក្រុងតៃប៉ិ ដោយរួមបញ្ចូលសំណើនៅក្នុងថវិកាដែលផ្តោតលើការជួយក្រុងគៀវប្រយុទ្ធជាមួយរុស្ស៊ី។

លោកបានពន្យល់ថា បន្ទាប់ពីបរាជ័យ នៃគោលនយោបាយអ៊ុយក្រែន របស់ខ្លួន ឥឡូវនេះសហរដ្ឋអាមេរិកកំពុង “ស្វែងរកការសង្គ្រោះនៅក្នុងជម្លោះថ្មីមួយទៀត ខណៈពេលដែលកំពុងប្រឈមមុខនឹងហានិភ័យ នៃការបាត់បង់អនុត្តរភាពរបស់ខ្លួន។

សមាជិកសភារូបនេះបានបន្តបញ្ជាក់ពីបញ្ជីនៃបញ្ហាដែលកំពុងកើនឡើងនៅលើសេដ្ឋកិច្ចអាមេរិក ខណៈពេលដែលបានរំលឹកផងដែរថា ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានឈានដល់កម្រិតទាបគ្រប់ពេលវេលា ហើយបានព្យាករណ៍ថា លោក Biden នឹងមិនឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top