ព័ត៌មានអន្តរជាតិ

របបយោធា ក្នុងប្រទេសនីហ្សេ ស្នើសុំជំនួយ ពីក្រុមទាហាន ស៊ីឈ្នួល Wagner

ប្រភព ៖ AFP

បរទេស ៖ មេដឹកនាំម្នាក់ នៃរដ្ឋប្រហារ កាលពីសប្តាហ៍មុន នៅក្នុងប្រទេសនីហ្សេរីយ៉ា តាមសេចក្តីរាយការណ៍ បានស្វែងរកជំនួយ ពីក្រុមហ៊ុន ទាហានរុស្ស៊ី Wagner Group PMC ខណៈដែលរបបយោធា ជិតដល់ថ្ងៃកំណត់ ដើម្បីប្រគល់ប្រធានាធិបតី ដែលត្រូវបានបណ្តេញ ចេញពីអំណាច របស់ប្រទេសនេះឱ្យឡើង កាន់អំណាច ឬប្រឈមមុខនឹងអន្តរាគមន៍យោធា ដែលអាចធ្វើទៅបាន ដោយប្រទេសជិតខាង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការផ្សាយ របស់សារព័ត៌មាន Associated Press បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីអ្នកកាសែតបារាំង Wassim Nasr ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅមជ្ឈមណ្ឌល Soufan ថា ឧត្តមសេនីយ Salifou Moody ត្រូវបានគេអះអាងថា បានធ្វើសំណើបែបនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជិតខាងប្រទេសម៉ាលី ជាកន្លែងដែលលោកបានជួប ជាមួយអ្នកតំណាងទាហាន Wagner ។

កិច្ចប្រជុំនេះត្រូវបានរាយការណ៍ ជាលើកដំបូងដោយ France 24 ហើយលោក Nasr បាននិយាយថា លោកបានបញ្ជាក់ពីការពិភាក្សា ជាមួយអ្នកការទូតបារាំងម្នាក់ និងមនុស្សបីនាក់ដែលដឹងពីបញ្ហានេះ នៅក្នុងប្រទេសម៉ាលី។

លោក Nasr បានប្រាប់ AP ដោយអះអាងថា ក្រុមទាហាន Wagner កំពុងពិចារណាលើសំណើនេះថា “ពួកគេត្រូវការ (Wagner) ពីព្រោះពួកគេនឹងក្លាយជាការធានា របស់ពួកគេក្នុងការកាន់អំណាច” ។

ទាំង Wagner និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយ លើសំណើសុំជំនួយពីក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលត្រូវបានចោទប្រកាន់ របស់របបយោធានោះទេ ។ វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃសុក្រថា ការជ្រៀតជ្រែកណាមួយនៅក្នុងប្រទេសនីហ្សេ ពីមហាអំណាច នៅខាងក្រៅតំបន់ គឺទំនងជាមិនធ្វើឱ្យស្ថានភាព ប្រសើរឡើងនោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងបន្តអនុគ្រោះដល់ការវិលត្រលប់ទៅរកភាពប្រក្រតី នៃរដ្ឋធម្មនុញ្ញយ៉ាងឆាប់រហ័ស ដោយមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស” ។

ចំណែកប្រធានក្រុមហ៊ុនទាហាន ស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានហៅរដ្ឋប្រហារថាជា “ការបះបោរដោយសមហេតុផល របស់ប្រជាជនប្រឆាំងនឹងការកេង ប្រវ័ញ្ចរបស់លោកខាងលិច” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top