បរទេស៖ ប្រទេសចិនបានចេញផ្សាយភាពយន្តឯកសារថ្មីមួយអំពីការរៀបចំ របស់កងទ័ពដើម្បីវាយប្រហារកោះតៃវ៉ាន់ និងបង្ហាញការប្តេជ្ញាចិត្ត របស់ទាហានថា នឹងលះបង់ជីវិតរបស់ពួកគេប្រសិនបើចាំបាច់ ខណៈដែលទីក្រុងប៉េកាំង នៅតែបន្តលើកឡើងនូវវោហាសាស្ត្ររបស់ខ្លួនប្រឆាំងនឹងកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា “Chasing Dreams” ដែលជាឯកសារចំនួនប្រាំបីផ្នែក ដែលចាក់ផ្សាយ ដោយទូរទស្សន៍រដ្ឋ CCTV កាលពីដើមសប្តាហ៍នេះ ដើម្បីប្រារព្ធខួបលើកទី៩៦ របស់កងទ័ពរំដោះប្រជាជន មានការបង្ហាញនូវ សមយុទ្ធយោធា និងការថ្លែងសក្ខីកម្ម ដោយទាហាន រាប់សិបនាក់ ដែលក្នុងនោះជាច្រើននាក់ បង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការស្លាប់ នៅក្នុងការវាយប្រហារ ដ៏មានសក្តានុពល ប្រឆាំងនឹងកោះតៃវ៉ាន់។
ប្រទេសចិនទាមទារកោះតៃវ៉ាន់ ដែលជាប្រទេសប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ជាទឹកដីរបស់ខ្លួន ដើម្បីដណ្តើមយកដោយ ប្រើកម្លាំង ប្រសិនបើចាំបាច់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និង កងទ័ពរំដោះប្រជាជន របស់ចិន ជាញឹកញាប់ចេញផ្សាយសម្ភារៈ ឃោសនាដែលលើកកម្ពស់ទំនើបកម្មរបស់កងទ័ព ក៏ដូចជាវីដេអូនៃសមយុទ្ធយោធារបស់ខ្លួន។
សម្ភារៈទាំងនោះបម្រើដល់អ្នកគាំទ្រជាតិនិយមចិនដែលកំពុងកើនឡើង និងបង្ហាញទំនុកចិត្តខាងយោធាប្រឆាំងនឹងកោះតៃវ៉ាន់ និងទំនាក់ទំនងរបស់កោះនេះជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងពេលដែលសហរដ្ឋអាមេរិកមិនទទួលស្គាល់កោះតៃវ៉ាន់ជាប្រទេសអធិបតេយ្យ អាមេរិកបានសន្យាថានឹងជួយកោះការពារកោះនេះក្នុងករណីមានការឈ្លានពាន។
កាលពីខែមុន សេតវិមានបានប្រកាស កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារសម្រាប់កោះតៃវ៉ាន់។ ចំណាត់ការដែលអ្នកជំនាញបាននិយាយថា ទាញយកមេរៀនពីជំនួយ យោធារបស់អាមេរិកដល់អ៊ុយក្រែន ហើយដែលត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងរិះគន់។
ភាពយន្តឯកសារ “Chasing Dreams” បានបង្ហាញ ក្នុងចំណោម របស់ផ្សេងទៀត សមយុទ្ធ “ដាវរួម” របស់កងទ័ពរំដោះប្រជាជន ដែលជាការក្លែងធ្វើការវាយប្រហារយ៉ាង ជាក់លាក់ប្រឆាំងនឹងកោះតៃវ៉ាន់។ សមយុទ្ធនេះត្រូវបានធ្វើឡើង នៅជុំវិញកោះដែលគ្រប់គ្រង ដោយខ្លួនឯងកាលពីខែមេសា បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីតៃវ៉ាន់ស្រី សាយ អ៊ីង វិន (Tsai Ing-wen) ទៅកាន់សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា