បរទេស៖ នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm លោក Dan Smith បានព្រមានថា ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី កំពុងតែស្ថិតក្នុងគែមនៃ “ការប្រណាំងអាវុធនុយក្លេអ៊ែរដែលមិនអាចគ្រប់គ្រងបាន” ដែលស្រដៀងទៅនឹងសង្រ្គាមត្រជាក់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃជម្លោះនៅអ៊ុយក្រែន និងកោះតៃវ៉ាន់។
យោងតាមសារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ ក្យូដូ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងប្រាំពីរនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងការចាប់ផ្តើមនៃ “ទស្សនៈវិស័យហ៊ីរ៉ូស៊ីម៉ា” ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ លោក Dan Smith បានកត់សម្គាល់ថា ការធានាសន្តិសុខដោយផ្អែកលើការទប់ស្កាត់នុយក្លេអ៊ែរ កំពុងធ្វើឱ្យអស្ថិរភាពដល់សណ្តាប់ធ្នាប់អន្តរជាតិ ហើយផ្ទុយទៅវិញការសន្ទនាប្រកបដោយស្ថាបនារវាង មហាអំណាចនុយក្លេអ៊ែរដូចជាសហរដ្ឋអាមេរិក និងចិន គឺអាចធ្វើទៅបាន។
លោក Smith ដែលបានដឹកនាំ SIPRI តាំងពីឆ្នាំ២០១៥ ហើយមានកំណត់ត្រាស្រាវជ្រាវ និងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយអំពីបញ្ហាសន្តិភាព និងជម្លោះជាច្រើន ក៏បានបញ្ជាក់ផងដែរថា ប្រទេសអភិវឌ្ឍន៍គួរពិនិត្យមើលឡើងវិញយ៉ាងម៉ត់ចត់ នូវទំនាក់ទំនងរបស់ពួកគេជាមួយ Global South ប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ភាគច្រើននៅអឌ្ឍគោលខាងត្បូង ដើម្បីសម្រេចបាននូវស្ថិរភាពពិភពលោកកាន់តែប្រសើរឡើង។
ដោយសំដៅទៅលើស្ថានភាព នៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិន ដែលពង្រីកនោះ លោក Smith ប៉ាន់ប្រមាណថា ចិននឹងសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងអត្រា ៦០ អាវុធថ្មីក្នុងមួយឆ្នាំ ដែលផលវិបាកនឹងអាស្រ័យលើការឆ្លើយតបពីសហរដ្ឋអាមេរិក និងរុស្ស៊ី។
លោក Smith អះអាងថា ប្រសិនបើសហរដ្ឋអាមេរិក ឬរុស្ស៊ី សម្រេចចិត្តកាត់បន្ថយការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ឬសូម្បីតែបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនរបស់ពួកគេដែរនោះ លំដាប់អន្តរជាតិអាចចូលទៅក្នុងរង្វង់ “សកម្មភាព/ប្រតិកម្ម” ដែលឃ្លាំងអាវុធនៃមហាអំណាចនុយក្លេអ៊ែររបស់ពិភពលោក អាចកើនឡើងតែប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា