ព័ត៌មានអន្តរជាតិ

រឿងថ្មី! សមាជិកសភាអង់គ្លេស ព្រួយបារម្ភថា រថយន្តចិន អាចត្រូវបានប្រើប្រាស់ដើម្បីឈ្លបយកការណ៍

រូបភាពពី៖​ XINHUA

បរទេស៖ សមាជិកសភាអង់គ្លេស បានព្រមានប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដោយអះអាងថា បច្ចេកវិទ្យាដែលបានបង្កប់នៅក្នុងរថយន្ត អាចត្រូវបានគេប្រើប្រាស់ដើម្បីឈ្លបយកការណ៍លើពលរដ្ឋ, នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត The Telegraph កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងប្រទេសចិន នាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនី (EV)នៅលើពិភពលោក, រថយន្តចិនដែលមានតំលៃថោកត្រូវបានព្យាករណ៍ថា នឹងគ្របដណ្តប់លើការលក់រថយន្តរបស់ចក្រភពអង់គ្លេស។

ក្រុមសមាជិកសភាអង់គ្លេស បានលើកឡើងពីការព្រួយបារម្ភដល់រដ្ឋាភិបាលដែលថា ចក្រភពអង់គ្លេស មានជំហរដើម្បីប្រគល់ការគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ទីក្រុងប៉េកាំង ជាមួយនឹង “ហានិភ័យសន្តិសុខទាំងអស់” ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ The Telegraph ថា “ប្រសិនបើវាត្រូវបានផលិតនៅក្នុងប្រទេសដូចជាប្រទេសចិន តើអ្នកអាចប្រាកដបានថាវាមិនមែនជាយានជំនិះសម្រាប់ប្រមូលព័ត៌មាន និងទិន្នន័យ? ប្រសិនបើអ្នកមានយានជំនិះអគ្គិសនីដែលផលិតដោយប្រទេសដែលកំពុងប្រើបច្ចេកវិទ្យាដើម្បីឈ្លបយកការណ៍នោះ ហេតុអ្វីបានជាពួកគេមិនធ្វើដូចគ្នានៅទីនេះ?

ការអំពាវនាវនេះកើតឡើងបន្ទាប់ពីច្បាប់ថ្មីរបស់រដ្ឋាភិបាល ដោយក្រុមហ៊ុនរថយន្តប្រឈម នឹងការកំណត់ចំនួនសម្រាប់ការលក់រថយន្តដែលគ្មានការបំភាយឧស្ម័នចាប់ពីឆ្នាំក្រោយ មុនពេលការហាមឃាត់លើរថយន្តសាំង និងម៉ាស៊ូតថ្មីនៅឆ្នាំ ២០៣០៕ ប្រែសម្រួលៈ ណៃ តុលា

To Top