បរទេស៖ រដ្ឋាភិបាលដែលធ្វើឡើងដោយរដ្ឋប្រហាររបស់ប្រទេសនីហ្សេ បានសន្យាថានឹងមាន “ការឆ្លើយតបយ៉ាងខ្លាំងក្លា និងភ្លាមៗ” ចំពោះការរំលោភបំពានណាមួយលើដែនអាកាសរបស់ប្រទេសនេះ ខណៈដែលប្រទេសនីហ្សេ ត្រៀមខ្លួនទប់ទល់នឹងអន្តរាគមន៍យោធាដ៏មានសក្តានុពលពីប្រទេសផ្សេងទៀត បន្ទាប់ពីថ្ងៃកំណត់ ដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីឱ្យប្រគល់តំណែងដល់ប្រធានាធិបតី Mohamed Bazoum ឡើងវិញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលយោធារបស់ប្រទេសនីហ្សេ បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា “ប្រឈមមុខនឹងការគំរាមកំហែង នៃការអន្តរាគមន៍ដែលកាន់តែច្បាស់ពីប្រទេសជិតខាង, ដែនអាកាសរបស់នីហ្សេត្រូវបានបិទចាប់ពីថ្ងៃនេះ ថ្ងៃអាទិត្យ… រហូតដល់មានការជូនដំណឹងបន្ថែម” ។
ដកស្រង់ដោយសារព័ត៌មាន AFP, សេចក្តីថ្លែងការណ៍ក៏បានព្រមានផងដែរថា “ការប៉ុនប៉ងណាមួយដើម្បីបំពានដែនអាកាសរបស់នីហ្សេ” នឹងនាំឱ្យមាន “ការឆ្លើយតបយ៉ាងខ្លាំងក្លា និងភ្លាមៗ” ។
ក្រុមប្រឹក្សាជាតិសម្រាប់ការការពារមាតុភូមិ ដែលឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាកាលពីខែមុន បានអះអាងថា កងកម្លាំងក្នុងតំបន់ជាអរិភាព បានធ្វើ “ការដាក់ពង្រាយជាមុនរួចហើយ ដើម្បីត្រៀមធ្វើអន្តរាគមន៍” នៅក្នុងប្រទេសដែលមិនបញ្ចេញឈ្មោះពីរនៃអាហ្វ្រិកកណ្តាល។ ក្រុមប្រឹក្សានេះបានបន្ថែមថា៖ «រដ្ឋណាដែលពាក់ព័ន្ធនឹងត្រូវបានចាត់ទុកថាជា ប្រទេសសហការបះបោរ»៕ ប្រែសម្រួលៈ ណៃ តុលា