ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងនៅថ្ងៃពុធនេះថា មានមនុស្សចំនួន៤៣នាក់បានរងរបួសគិតមកទល់ពេលនេះ នៅក្នុងហេតុការណ៍ផ្ទុះចេញពីរោងចក្រអុបទិក-មេកានិកមួយកន្លែងស្ថិតនៅក្នុងទីក្រុង Sergiev Posad ក្នុងតំបន់ម៉ូស្គូ ។
លោក Andrei Vorobiev អភិបាលនៃតំបន់ម៉ូស្គូ បានលើកឡើងថា ការផ្ទុះនេះបានកើតឡើងនៅពេលព្រឹកថ្ងៃពុធ វេលាម៉ោងប្រហែល១០និង៤០នាទីព្រឹក ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង៧និង៤០នាទីម៉ោងសកល នៅឃ្លាំងផ្ទុកសារធាតុ pyrotechnic ដែលកំពុងត្រូវបានជួលនៅលើទឹកដីនៃរោងចក្រអុបទិក-មេកានិក ដោយក្រុមហ៊ុនឯកជនមួយ ។
គេបានដឹងថា នៅក្នុងចំណោមអ្នករងរបួសទាំងនោះ គឺមាន៥នាក់បច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ នេះបើតាមព័ត៌មានបឋមផ្តល់ដោយអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ដូច្នេះ ។ លើសពីនេះ មានមនុស្សចំនួន៥នាក់នៅតែអាចជាប់នៅក្នុងគំនរបាក់បែកនោះនៅឡើយទេ ។
លោក Vorobiev បានលើកឡើងថា មនុស្សត្រូវបានជម្លៀសចេញពីអគារ និងអ្នកនៅកន្លែងបំពេញការងារទាំងអស់របស់រោងចក្រ ក៏ដូចជាពីសាលាមត្តេយ្យដែលនៅជិតរោងចក្រនោះផងដែរ ។
លោកក៏បានថ្លែងទៀតថា អគារកីឡាមួយកន្លែងនៅក្បែររោងចក្របានរងការខូចខាត ព្រមទាំងបង្អួចនៅក្នុងអគារលំនៅឋានក្បែរនោះផងក៏រងការខូចខាតដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា