ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ, គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្ស ប៉ាឡាំងប្រាឆារ៉ាត់ រួចផុតពីការរំលាយដោយបង្ខំ

បរទេស៖ ប្រភពមួយបាននិយាយកាលពីថ្ងៃពុធថា គណបក្សភឿថៃ, គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) និង គណបក្ស ប៉ាឡាំងប្រាឆារ៉ាត់ (PPRP) បានរួចផុតពីការរំពឹងទុក នៃការរំលាយដោយបង្ខំ ខណៈដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានច្រានចោលញត្តិចំនួនបីដែលស្វែងរក ឱ្យរំលាយគណបក្សទាំង៣នេះ ដោយចោទថាបានរំលោភច្បាប់។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាធិការ គណៈកម្មាធិការរៀបចំការបោះឆ្នោត លោក សាវ៉ាង បូនម៉េ ក្នុងតួនាទីជាមន្ត្រីអត្រានុកូលដ្ឋាន នយោបាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចបញ្ឈប់ការស៊ើបអង្កេតពាក់ព័ន្ធ នឹងញត្តិទាមទារឱ្យរំលាយគណបក្សទាំង៣ ដែលប្តឹងដោយលោក សុនធិយ៉ា សាវ៉ាឌី អតីតទីប្រឹក្សាគណៈកម្មាធិការសភាផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស។

លោក សុនធិយ៉ា បានចោទប្រកាន់គណបក្សភឿថៃថា បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រី និងអតីតមេដឹកនាំគណបក្សគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានការគ្រប់គ្រងលើគណបក្ស។ លោក ថាក់ស៊ីន ត្រូវបានគេចាត់ទុកថា ជាអ្នកខាងក្រៅនៅក្រោមច្បាប់សរីរាង្គ ស្តីពីគណបក្សនយោបាយ ដែលហាមឃាត់គណបក្សណាមួយពី ការទទួលឥទ្ធិពលដោយចេតនា ដោយបុគ្គលបែបនេះ។

លោក សុនធិយ៉ា បានលើកឡើងពីព្រឹត្តិការណ៍ ជាច្រើនដែលលោកជឿថា ជាភស្តុតាងនៃឆន្ទៈរបស់គណបក្សក្នុងការ ទទួលឥទ្ធិពលនយោបាយ របស់លោកថាក់ស៊ីន រួមទាំងសុន្ទរកថាដែលបានធ្វើឡើង ទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងអំឡុងពេល ព្រឹត្តិការណ៍បោះឆ្នោតមួយដោយលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក្នុងអំឡុងពេលដែលលោកស្រី បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សភឿថៃមានបំណង ចង់ឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ដើម្បីអាចនាំលោកថាក់ស៊ីន ត្រឡប់មកផ្ទះវិញ។ ចាប់តាំងពីពេលនោះមក លោក ថាក់ស៊ីន បានផ្តល់កាលបរិច្ឆេទសម្រាប់ការ ត្រឡប់ចូលស្រុករបស់លោក ប៉ុន្តែបានពន្យារពេល។

លោកស្រី ផែតងតាន គឺជាប្រធានទីប្រឹក្សារបស់ គណបក្សស្តីពីការចូលរួមជាសាធារណៈ និងការច្នៃប្រឌិត ដែលលោកស្រីជាបេក្ខភាព នាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំងបី និងជាកូនស្រីរបស់លោកថាក់ស៊ីន។ ដំណើររបស់លោកស្រីទៅជួបឪពុក និងម្តាយមីងគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដែលកំពុង រត់គេចខ្លួនម្នាក់ទៀត និងជាប្អូនស្រីរបស់លោកថាក់ស៊ីន នៅទីក្រុងហុងកុង កាលពីចុងឆ្នាំមុន ក៏ត្រូវបានលោក សុនធីយ៉ា លើកឡើងថា ជាភស្តុតាងនៃទង្វើខុសឆ្គងរបស់ភឿថៃផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top