តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានច្រានចោល ជាថ្មីម្តងទៀតដែលថា ទីក្រុងតេអេរ៉ង់ បានផ្តល់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីអាហ្រ្វិកខាងត្បូងលោក Naledi Pandor នៅក្នុងរដ្ឋធានីរដ្ឋបាលរបស់អាហ្រ្វិកខាងត្បូង Pretoria នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា អ៊ីរ៉ង់ បានធ្វើការពិគ្រោះយោបល់ជាច្រើនជុំជាមួយភាគីអ៊ុយក្រែន លើបញ្ហានេះ ក្នុងអំឡុងពេលដែលអ៊ុយក្រែន បានបរាជ័យក្នុងការបង្ហាញ “ភស្តុតាងត្រឹមត្រូវណាមួយ” ។
លោកបានបន្ថែមថា រុស្ស៊ី បានសន្យាជាមួយអ៊ីរ៉ង់ ថា ខ្លួនមិនដែលប្រើឧបករណ៍អ៊ីរ៉ង់ ក្នុងសង្រ្គាមជាមួយអ៊ុយក្រែននោះទេ ហើយនឹងមិនធ្វើដូច្នេះឡើយ។
អ្នកការទូតអ៊ីរ៉ង់ បានរំលឹកឡើងវិញ នូវអព្យាក្រឹតភាពរបស់អ៊ីរ៉ង់ ចំពោះវិបត្តិអ៊ុយក្រែនដោយបន្ថែមថា “យើងរក្សាថាសង្រ្គាម មិនមែនជាដំណោះស្រាយនោះទេ ហើយគ្រប់ភាគីគួរតែខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានយោបាយ”។
ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ថា បាននាំចេញយន្តហោះដ្រូនអត្តឃាតទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះម្តងហើយម្តងទៀតថា “គ្មានមូលដ្ឋាន” ដោយថា ខ្លួនបានផ្តល់ “ចំនួនមានកំណត់” នៃយន្តហោះដ្រូនដល់រុស្ស៊ី ជាច្រើនខែមុនពេលចាប់ផ្តើមជម្លោះរុស្ស៊ី-អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា