ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​ នឹង​ការ​ដាក់​ពង្រាយ​កម្លាំង ​អ៊ីនធឺណែត​របស់​អាមេរិក ក្នុង​ប្រទេស​ជិត​ខាង

រូបភាពពី៖​ XINHUA

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងនឹងការដាក់ពង្រាយកងកម្លាំងអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជិតខាងរបស់ប្រទេសចិន និងថ្កោលទោសយុទ្ធនាការផ្សព្វផ្សាយ ព័ត៌មានមិនពិតរបស់សហរដ្ឋអាមេរិក នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការលួចតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើប្រទេសជប៉ុន។

យោងតាមគេហទំព័រ WikiLeaks សហរដ្ឋអាមេរិក បានអនុវត្តការលួចតាមអ៊ីនធឺណិតប្រឆាំងនឹងគោលដៅរបស់ជប៉ុនចំនួន ៣៥ រួមទាំងសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីជប៉ុនផងដែរ។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនត្រឹមតែអនុវត្តការលួចអ៊ីនធឺណិតទ្រង់ទ្រាយធំ ប្រព័ន្ធ និងគ្មានការរើសអើងប្រឆាំងនឹងប្រទេសដទៃទៀតក្នុងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះ ក៏បានព្យាយាមដាក់ពង្រាយកងកម្លាំងអ៊ីនធឺណិត ទៅកាន់ប្រទេសពាក់ព័ន្ធផងដែរ ក្នុងនាមកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាព ដើម្បីជ្រៀតចូលប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសទាំងនេះ។

សហរដ្ឋអាមេរិកថែមទាំងបានប្រើប្រព័ន្ធផ្សព្វផ្សាយ និងទម្រង់ផ្សេងទៀតនៃព័ត៌មានមិនពិតនៃអ្វីដែលគេហៅថា “ពួក Hacker ចិន” ដើម្បីជំរុញ ឬបង្ខិតបង្ខំប្រទេសពាក់ព័ន្ធ ជាពិសេសប្រទេសជុំវិញប្រទេសចិន ឱ្យទទួលការដាក់ពង្រាយកម្លាំងតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដែលស្រដៀងទៅនឹង “ការអញ្ជើញឆ្កែចចកឲ្យចូលទៅក្នុងផ្ទះរបស់ពួកគេអញ្ចឹងដែរ” ដោយសារតែការពិត ដែលថាសហរដ្ឋអាមេរិក នាំមុខគេលើពិភពលោកនៅក្នុងបច្ចេកវិទ្យា hacking។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “នេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិសុខ តាមអ៊ីនធឺណិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្វែរខ្លួនពួកគេឱ្យទៅជាស្ពាន ឬស្តុបសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top