ព័ត៌មានអន្តរជាតិ

UN នឹងជួបប្រជុំគ្នាស្តីអំពីការ រំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង

រូបភាពពី៖​ XINHUA

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងជួបជាសាធារណៈដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលនេះជាការស្នើសុំដោយសហរដ្ឋអាមេរិក អាល់បានី និងជប៉ុន ដែលទំនងជាធ្វើឱ្យក្រុងព្យុងយ៉ាងខឹងសម្បារ និងប្រឈមមុខនឹងការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី ផងដែរ ។

កិច្ចប្រជុំនោះ នឹងជាកិច្ចប្រជុំសាធារណៈផ្លូវការលើកដំបូង នៃក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលនេះ ។

ប្រទេសកូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ពីការបំពាន និងបានស្តីបន្ទោសទណ្ឌកម្មចំពោះស្ថានការណ៍មនុស្សធម៌ធ្ងន់ធ្ងរ ។ គិតចាប់តាំងពីឆ្នាំ២០០៦ វាស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ លើកម្មវិធីមីស៊ីលផ្លោង និងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែបានលើកលែងការផ្តល់ជំនួយជាច្រើន ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានថ្លែងដោយអានសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក អាល់បានី ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដែលមានខ្លឹមសារយ៉ាងដូច្នេះថា “រឿងនេះវាហួសពេលយូរហើយ” ។

លោកស្រីបានថ្លែងថា “យើងដឹងថា ការរំលោភសិទ្ធិមនុស្ស និងការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល គឺក្នុងគោលបំណងជួយសម្រួលដល់ការរីកចំរើន នៃអាវុធប្រល័យលោកដោយខុសច្បាប់ និងកម្មវិធីមីស៊ីលផ្លោង” របស់ខ្លួនតែប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top