ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បើសិនជាអ្នក នយោបាយជប៉ុន មួយចំនួនតូច ទទូចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន នោះប្រៀបដូច ជាសត្វមមាចប្រលែងភ្លើង ដែលគង់តែដុត សម្លាប់ខ្លួនឯង

នាពេលថ្មីៗកន្លងទៅនេះ លោក ASO Taro អនុប្រធានបក្សសេរីប្រជាធិបតេយ្យ និងជាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើដំណើរទៅកាន់តំបន់ចិនតៃវ៉ាន់ ក្នុងន័យញុះញង់ឱ្យតៃវ៉ាន់ “ត្រៀមចិត្តដើម្បីធ្វើសង្គ្រាម ជាមួយមហាដីគោកចិន” ប្រការនេះរងការរិះគន់យ៉ាងខ្លាំងក្លា ពីមជ្ឈដ្ឋាននានា ។ មតិមហាជន នៅតោះតៃវ៉ាន់ បានថ្កោលទោសថា លោក ASO Taro មិនត្រឹមតែមិនបានសូមអភ័យទោស ពីការកាន់កាប់អាណានិគម នៅកាលពីមុន ចំពោះតៃវ៉ាន់ទេ ថែមទាំងញុះញង់ឱ្យតៃវ៉ាន់អភិវឌ្ឍកម្លាំងយោធា និងត្រៀមរៀបចំធ្វើសង្គ្រាម ទង្វើនេះគឺរុញច្រានតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុង “ភ្លើងសង្គ្រាម” ។

ក្នុងមជ្ឈដ្ឋាននយោបាយ ក្នុងនាមជាតំណាងស្និទិ្ធជាមួយតៃវ៉ាន់ លោក ASO Taro ធ្លាប់ប្រើពាក្យសំដីមិនសមរម្យជាច្រើនលើក ។ កាលពីឆ្នាំ២០២១ លោកធ្លាប់ឃោសនាបំប៉ោងថា “អាមេរិកនិងជប៉ុនត្រូវរួមគ្នាការពារតៃវ៉ាន់” ។ នៅខែមិថុនា ឆ្នាំនេះ លោកក៏បានអះអាងថា “តៃវ៉ាន់ជាខ្សែជីវិតរបស់ជប៉ុន” ។ ក្នុងដំណើរទស្សនកិច្ចនៅតៃវ៉ាន់ លើកនេះ លោកបានញុះញង់ដោយបើកចំហរ ឱ្យតៃវ៉ាន់ ប្រើប្រាស់អាវុធ ប្រការទាំងនេះបានលាតត្រដាង នូវទិសដៅសម្ដៅទៅរកគ្រោះថ្នាក់ របស់ចក្រពត្តិនិយមជប៉ុន ដែលពិបាករលាយសាបសូន្យ ។ ដូច្នេះ ប្រជាជននៅកោះតៃវ៉ាន់ បាននិយាយថា ស្ដាប់នូវ “ទ្រឹស្ដីប្រើប្រាស់ អាវុធ” របស់លោក ASO Taro គួរឱ្យភ័យខ្លាចណាស់ ដោយសារពាក្យសំដីទាំងនេះ ធ្វើឱ្យគេនឹកឃើញឡើងវិញ ពីប្រវតិ្តសាស្ត្រ អាណានិគមរបស់ជប៉ុន នៅកោះតៃវ៉ាន់ដ៏ឈឺ ចាប់អស់ រយៈពេលពាក់កណ្តាលសតវត្សរ៍ ។

តាំងពីពាក់កណ្តាល សតវត្សរ៍ទី១៩មកម្លេះ ជប៉ុនក៏បានឈ្លានពានតៃវ៉ាន់ ដោយបានចាត់ទុកការនេះ ជាគោលដៅជាអាទិភាព ដើម្បីកាន់កាប់អាស៊ីខាងកើត និងធ្វើអនុត្តរភាព នៅសកលលោក ព្រមទាំងបានអនុវត្តការវាតទី ដោយយោធាមួយចំនួន ។ កាលពីឆ្នាំ១៨៩៥ រាជរដ្ឋាភិបាល នៃរជ្ជកាលឆេង ទទួលបរាជ័យក្នុងសង្គ្រាម ចិន-ជប៉ុន ហើយបានចុះហត្ថលេខា ដោយបង្ខំលើ «សន្ធិសញ្ញា Shimonoseki » ។ ចាប់ពីពេលនោះមក ជប៉ុនបានទន្ទ្រាន កាន់កាប់អាណានិគម នៅកោះតៃវ៉ាន់ និងប្រជុំកោះ Penghu អស់រយៈពេល៥០ឆ្នាំ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ជាច្រើនរាប់មិនអស់ ។
ដើម្បីពង្រឹងការគ្រប់គ្រង អាណានិគម អ្នកឈ្លានពានជប៉ុនបានប្រើប្រាស់វិធី ដូចជាចាត់តាំងអគ្គទេសាភិបាល កងទ័ព កងរាជអាវុធហត្ថនិងប៉ូលីសជាដើម បង្រ្កាបយ៉ាងសាហាវ ទៅលើការ តស៊ូប្រឆាំងជប៉ុន របស់ប្រជាជនកោះតៃវ៉ាន់ ។ តាមស្ថិតិមិនពេញលេញ ក្នុងអំឡុងពេលជប៉ុន ធ្វើអាណានិគម បានសម្លាប់រង្គាល ប្រជាជនកោះតៃវ៉ាន់ប្រហែល៦សែននាក់ គិតជាមធ្យម ក្នុងចំណោមប្រជាជនកោះតៃវ៉ាន់ ចំនួន៦នាក់ ក៏មានម្នាក់ស្លាប់បាត់បង់ជីវិត ។
ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី លោក ASO Taro មិនអាចមិនដឹងពីពាក្យសន្យា របស់រដ្ឋាភិបាលជប៉ុន ចំពោះប្រទេសចិនឡើយ ។ ប៉ុន្តែលោក បានប្រព្រឹត្តផ្ទុយ ពីនិន្នាការ ហើយឆ្ការដៃឆ្ការជើងចំពោះកិច្ចការតៃវ៉ាន់ ដោយប្រកាន់អាកប្បកិរិយាក្រអឺតក្រទម របស់អ្នកអាណានិគម ព្រមទាំង បានបញ្ចេញមតិដ៏មានគ្រោះថ្នាក់ ដែលបានល្មើសនឹងគោលការណ៍ចិនតែមួយ និងស្មារតី នៃឯកសារនយោបាយទាំង៤ច្បាប់រវាងចិននិងជប៉ុន ហើយបានបង្ក ឧបសគ្គកាន់តែច្រើន ដល់ទំនាក់ទំនងរវាងចិន និងជប៉ុនផងដែរ ។

ក្នុងនាមជាអនុប្រធានបក្ស សេរីប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាចរបស់ជប៉ុន ដំណើរទស្សនកិច្ចរបស់លោក ASO Taro លើកនេះបានបង្ហាញ ដោយប្រយោល ពីទិសដៅមួយចំនួន របស់រដ្ឋាភិបាលជប៉ុន ហើយក៏បានតំណាង ឱ្យអាកប្បកិរិយា របស់កម្លាំងពួកស្តាំរបស់ជប៉ុន ដែលចង់បដិសោធ ប្រវត្តិសាស្ត្រ និងបដិសេធកែកំហុសរបស់ខ្លួន ។ ប៉ុន្តែ ពួកគេបានប៉ាន់ប្រមាណខុសពីស្ថានភាពអន្តរជាតិនិងការប្រៀបធៀបខាងកម្លាំង ។ បើសិន ជាខួរក្បាល របស់អ្នកនយោបាយជប៉ុនមួយចំនួនតូច នៅតែស្ថិតនៅក្នុងកាលពីជាង១រយឆ្នាំមុន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន ដោយសម្ដែងឬកពារ ជាអ្នកអាណានិគម នោះវាប្រៀបដូចជាសត្វមមាចប្រលែងភ្លើង មិនយូរមិនឆាប់គង់តែដុត សម្លាប់ខ្លួនឯង ។ ប្រទេសចិននឹងសម្រេច បាននូវការបង្រួបបង្រួមប្រទេសជាតិ នេះជានិន្នាការប្រវតិ្តសាស្ត្រ ដែលមិនអាចរារាំងបាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top