បរទេស៖ ប្រធានាធិបតី នៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់លោកខាងលិច ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ក្នុងការធ្វើឲ្យរុស្សីចុះថយនៅសង្គ្រាមនោះនឹងមិនអាចទទួលបានជោគជ័យឡើយ។
យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំរូបនេះបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ Happy TV ទៀតថាប្រទេសលោកខាងលិច ទាំងឡាយកំពុងជួយផ្កត់ផ្គង់អាវុធយ៉ាងច្រើនទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែមកដល់ពេលនេះវាច្បាស់លាស់ណាដែរថា គ្មានអ្វីនឹងអាចធ្វើឲ្យលទ្ធផល នៃការធ្វើសង្គ្រាមប្រែប្រួលឡើយ។
លោកបន្តថា៖ យើងមើលឃើញថា ជាក់ស្តែងសង្រ្គាមកំពុងតែបន្តធ្វើឡើង ហើយដោយកម្លាំងលោកខាងលិច ទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរុស្ស៊ី នឹងមិនចាញ់នៅសមរភូមិឡើយ។
លោក Vucic បានកត់សម្គាល់ថា ខណៈពេលដែលគាត់ មិនប្រាកដថាអ្វីដែលរុស្ស៊ី ត្រូវទទួលបានផ្នែកនយោបាយ ប៉ុន្តែបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងជាលទ្ធផលល្អបំផុត ដែលគួរតែទទួលបាននៅក្នុងពេលនេះ។
រំលឹកដែរថាកាលពីខែមិថុនា មេដឹកនាំស៊ែប៊ីបានព្រមានអំពីការកើនឡើងដែលអាចកើតមាននៅក្នុងជម្លោះអ៊ុយក្រែន ដោយនិយាយថា ការវាយបកដ៏ច្រើនសន្ធឹកសន្ធាប់របស់ទីក្រុងគៀវ ដែលរុស្ស៊ីអះអាងថា មិនបានទទួលបានទឹដីណាមួយ អាចបង្កឱ្យមានការឆ្លើយតបយ៉ាងខ្លាំងពីទីក្រុងម៉ូស្គូ ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី