ព័ត៌មានអន្តរជាតិ

ចិន ព្រមានធ្វើចំណាត់ការបន្ទាប់ ពីអនុប្រធានាធិបតីកោះតៃវ៉ាន់ បំពេញទស្សនកិច្ចនៅអាមេរិក

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការបរទេសចិន កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញសេចក្តីព្រមាន និងដាក់ទោសចំពោះការបំពេញទស្សនកិច្ច របស់លោកអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai និងតាំងចិត្តថា នឹងធ្វើការសងសឹកចំពោះរឿងនេះ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ការប្រកាសនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងគោលបំណងបង្ហាញជំហប្រឆាំងដាច់ខាតចំពោះគ្រប់ទំរង់ នៃការធ្វើទំនាក់ទំនងផ្នែកកាទូតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងកោះតៃវ៉ាន់។

គួរឲ្យដឹងដែរថា លោក Lai ដែលត្រូវបានចាត់ទុកថា ជាបេក្ខភាពក្នុងការទទួលយកជ័យជំនះ ជាតំណែងប្រធានាធិបតីកោះតៃវ៉ាន់ ក្នុងការបោះឆ្នោតអាណត្តិថ្មី នៅខែមករាបានធ្វើដំណើរមកដល់ទីក្រុងញូវយ៉ក នៅយប់ថ្ងៃសៅរ៍។

នៅក្នុងការចេញផ្សាយដោយអ្នកនាំពាក្យក្រសួងការបរទេស ដែលសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងដាច់ខាត រាល់ដំណើរទស្សនកិច្ច របស់អ្នកក្រុមអ្នកបំបែកខ្លួនទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមជាអ្វីមួយ ឬក្រោមលេសអ្វីក៏ដោយហើយបន្ថែមថាលោក Lai គឺជា អ្នកបង្កបញ្ហាតាមរយៈ និងកំពុងបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិន តែមួយព្រមទាំងធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន យ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួល៖ស៊ុនលី

To Top