ព័ត៌មានអន្តរជាតិ

WHO អំពាវនាវសុំឲ្យបង្កើនការយក ចិត្តទុកដាក់ខ្ពស់បំផុតអំពីការ ឆ្លងរាលដាលខ្លាំងនៃជំងឺគ្រុនឈាម ខណៈបង់ក្លាដេស មានករណីឆ្លងជាច្រើននាក់

Xinhua

ដាកា៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ថា ដោយសារតែមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីជំងឺគ្រុនឈាមបានចាប់ផ្តើមមានៅក្នុងប្រទេសបង់ក្លាដេស អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានអំពាវនាវឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីគ្រប់គ្រងចំនួនប្រជាជនដោយសារសត្វមូសខ្លាខាំ និងកាត់បន្ថយការប៉ះពាល់បុគ្គល ដូចជាការប្រើប្រាស់ថ្នាំ បាញ់មូស និងការពាក់ម៉ាស់រយៈពេលយូរ និងការប្រើប្រាស់សម្លៀកបំពាក់ផងដែរ ។


ការផ្ទុះឡើងនៃជំងឺឆ្លងនេះបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីចុងខែមិថុនាកន្លងមកនេះ ហើយឃើញថា មានករណីសរុបចំនួន៦៩.៤៨៣ករណីដែលត្រូវបានបញ្ជាក់ឲ្យដឹង និងមានអ្នកស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះចំនួន៣២៧នាក់នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែសីហានេះ ជាមួយនឹងអត្រាស្លាប់នៃករណីជំងឺមាន០.៤៧ភាគរយ ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ បានឲ្យដឹងថា ករណីនេះត្រូវបានរាយការណ៍ពីស្រុកទាំង៦៤នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។

គួររំលឹកថា នៅក្នុងខែកក្កដា មានករណីចំនួន៤៣.៨៥៤នាក់ និងការស្លាប់ចំនួន២០៤ត្រូវបានរាយការណ៍ឲ្យដឹង ស្មើនឹង៦៣ភាគរយនៃករណីសរុប និង៦២ភាគរយនៃអ្នកស្លាប់ ។

អង្គការ WHO បានឲ្យដឹងថា ការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងជំងឺ គឺមិនធ្លាប់មានពីមុនមកនោះទេ បើ ធៀបនឹងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសង្កត់ធ្ងន់ទៅលើទំនាញនៃការផ្ទុះ ឡើងដែលកំពុងបន្តរីករាលដាល ។

អង្គការ WHO បានបញ្ជាក់យ៉ាងដូច្នេះថា “អត្រាខ្ពស់នៃជំងឺគ្រុនឈាមកំពុងកើតឡើងក្នុងបរិបទនៃបរិមាណទឹកភ្លៀងមិនធម្មតា រួមផ្សំជាមួយនឹងសីតុណ្ហភាពខ្ពស់ និងសំណើមខ្ពស់ ដែលបណ្តាលឱ្យមានការកើនឡើងចំនួនសត្វមូសនៅទូទាំងប្រទេសបង់ក្លាដេស” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top