ព័ត៌មានអន្តរជាតិ

អាមេរិក ​នឹង​ផ្តល់​សម្ភារៈ​យោធា​តម្លៃ ២០០​លាន​ដុល្លារទៀត​ដល់​អ៊ុយក្រែន

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងផ្តល់កញ្ចប់សម្ភារៈយោធាបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃ ២០០លានដុល្លារអាមេរិក ប៉ុន្មានថ្ងៃបន្ទាប់ពីសេតវិមាន បានស្នើសុំមូលនិធិបន្ថែមពីសភា ដើម្បីជំរុញទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធាតុនៅក្នុងកញ្ចប់ចុងក្រោយបង្អស់រួមមាន អាវុធការពារដែនអាកាស កាំភ្លើងធំ សមត្ថភាពប្រឆាំងពាសដែក និងឧបករណ៍បោសសម្អាតមីនបន្ថែម។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលមានបញ្ជីលម្អិតនៃបរិក្ខារដែលត្រូវបញ្ជូនទៅអ៊ុយក្រែន មន្ទីរបញ្ចកោណបានឲ្យដឹងថា នេះគឺជាគ្រឿងបរិក្ខារទី៤៤ សម្រាប់អ៊ុយក្រែន ដែលនឹងត្រូវដកចេញពីស្តុករបស់ក្រសួងការពារជាតិចាប់តាំងពីខែសីហា ឆ្នាំ២០២១។

ការចេញផ្សាយបានឲ្យដឹងថា ជំនួយចុងក្រោយបំផុត នឹងប្រើប្រាស់ជំនួយ ដែលត្រូវបានអនុញ្ញាតពីមុនដោយលោក បៃដិន ក្រោមអាជ្ញាធរដកប្រធានាធិបតី សម្រាប់អ៊ុយក្រែន ដែលនៅតែមានបន្ទាប់ពីដំណើរការវាយតម្លៃឡើងវិញបានបញ្ចប់ក្នុងខែមិថុនា ដើម្បីកំណត់នូវអ្វីដែលខុសនៅក្នុងភាពមិនស៊ីសង្វាក់គ្នាក្នុងការគណនាតម្លៃសម្ភារៈយោធា ដែលបានបញ្ជូនទៅអ៊ុយក្រែន។

មន្ទីរបញ្ចកោណបានទទួលស្គាល់ថា កំហុសគណនេយ្យបានបណ្តាលឱ្យមានការប៉ាន់ប្រមាណលើសចំនួន ៦,២ ពាន់លានដុល្លារនៅក្នុងតម្លៃកញ្ចប់សព្វាវុធ ដែលផ្តល់ដល់អ៊ុយក្រែន ក្នុងរយៈពេលពីរឆ្នាំ ដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ។

ដោយបន្ថែមជំនួយ ដែលបានប្រកាសកាលពីថ្ងៃច័ន្ទ ដល់ចំនួនសរុប រដ្ឋបាលលោក បៃដិន បានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៤៣,៧ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរួមទាំង ៤៣ ពាន់លានដុល្លារចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២។

នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត រដ្ឋបាលលោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យសភាអនុម័ត ២៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ សំណើនេះមាននៅក្នុងកញ្ចប់ចំណាយសរុបប្រហែល ៤០ ពាន់លានដុល្លារ ដែលរួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លារ សម្រាប់សន្តិសុខព្រំដែន និង ១២ ពាន់លានដុល្លារទាក់ទងនឹងការសង្គ្រោះគ្រោះមហន្តរាយ។

លោក បៃដិន បានប្តេជ្ញាថានឹងជួយអ៊ុយក្រែន “ដរាបណាប្រទេសនេះត្រូវការ” ប៉ុន្តែការចំណាយឥតឈប់ឈររបស់រដ្ឋបាលរបស់លោក ចំពោះអ៊ុយក្រែន បានប្រឈមមុខនឹងការប្រឆាំងនៅក្នុងសភា ជាពិសេសពីគណបក្សសាធារណរដ្ឋស្តាំនិយម ដែលបានតវ៉ាប្រឆាំងនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន ដោយគ្មានកំណត់បែបនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top