ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់គ្រប់ទម្រង់ នៃទំនាក់ទំនងផ្លូវការរវាងអាជ្ញាធរតៃវ៉ាន់ និងប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។
លោក បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន ទៅកាន់កោះតៃវ៉ាន់ ដោយសមាជិកសភា ៣រូបមកពីរដ្ឋបាល់ទិក ដែលមកពីអេស្តូនី លីទុយអានី និងឡាតវី។
លោក បានសង្កត់ធ្ងន់ថា មានចិន តែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា “យើងជំរុញឱ្យភាគីពាក់ព័ន្ធគោរពតាមគោលការណ៍ចិនតែមួយ ជៀសវាងការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួន ‘ឯករាជ្យតៃវ៉ាន់’ និងចាត់វិធានការជាក់ស្តែង ដើម្បីការពារស្ថិរភាព និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី”៕ ប្រែសម្រួល ឈូក បូរ៉ា