ព័ត៌មានអន្តរជាតិ

សកម្មជនសន្ដិភាព ជំរុញឲ្យ​រដ្ឋាភិបាល កូរ៉េ​ខាងត្បូង ​​ផ្អាក​សមយុទ្ធ​យោធា ​ជាមួយ​អាមេរិក

ប្រភព៖ xinhua

សេអ៊ូល ៖ ក្រុមសកម្មជន សន្តិភាពកូរ៉េខាងត្បូងមួយក្រុម ​បានជំរុញឱ្យបញ្ឈប់សមយុទ្ធយោធា រួមរបស់ប្រទេស ជាមួយសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើង នៅចុងខែសីហា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

​​តាម​ការ​លើក​ឡើង​របស់​ការ​ជួប​ជុំ​សន្តិភាបនាឲ្យដឹងថា “ឧបទ្វីបកូរ៉េឥឡូវនេះ គឺជាផ្លូវបំបែកនៃសង្រ្គាម និងសន្តិភាពម្តងទៀត។ ការបញ្ឈប់សមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាចជាជំហានសម្រេចចិត្តមួយ ក្នុងការទប់ស្កាត់សង្រ្គាម និងការបើកទ្វារ សម្រាប់ការសន្ទនាម្តងទៀត” ។ ​

សកម្មជន​បាន​ស្រែក​ទាមទារ​សន្តិភាព ​ក្នុង​អំឡុង​ពេល​បាតុកម្ម​ដែល​បាន​ធ្វើ​ឡើង ​នៅ​មុខ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេអ៊ូល ដែល​ក្រសួង​ការពារជាតិ​មាន​ទីស្នាក់ការ​ផង​ដែរ ។

បណ្តឹងឧទ្ធរណ៍សន្តិភាពកូរ៉េ ដែលមានសមាសភាពពីក្រុមពលរដ្ឋ និងសាសនារាប់រយនាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាមនុស្សរាប់សិបនាក់ នៅក្រៅប្រទេសបានឲ្យដឹងថា “ការបង្ហាញកម្លាំងដ៏គ្រោះថ្នាក់បំផុតនេះ ដែលបង្កើនលទ្ធភាព សម្រាប់ជម្លោះយោធា នឹងបញ្ចប់ដោយគ្រោះមហន្តរាយ” ។ ​

អ្នករៀបចំកម្មវិធីបានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្ធូរបន្ថយភាពតានតឹងផ្នែកយោធា និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារជម្លោះប្រដាប់អាវុធនៅឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា សមយុទ្ធ Ulchi Freedom Shield (UFS) រវាងសម្ព័ន្ធមិត្តទាំងពីរ ដែលជាសមយុទ្ធយោធា រួមរដូវក្តៅ ដែលពាក់ព័ន្ធនឹងសមយុទ្ធ ក្នុងទ្រង់ទ្រាយធំ ត្រូវបានគេគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា នេះបើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS)៕
ប្រែសម្រួល ឈូក បូរ៉ា

To Top