វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែ “ផ្តោតខ្លាំងលើផ្នែកការទូត” ដែលជាឧបករណ៍ សម្រាប់ដោះស្រាយវិបត្តិនយោបាយ ដែលកំពុងបន្តនៅក្នុងប្រទេសនីហ្សេ ដែលបណ្តាលមកពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយរបបយោធា។
លោក Blinken បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេសថា “យើងនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើផ្នែកការទូតសម្រាប់ការសម្រេចបាននូវលទ្ធផលដែលយើងចង់បាន ដែលជាការវិលត្រឡប់ទៅកាន់បទបញ្ជារដ្ឋធម្មនុញ្ញ” ។
ការលើកឡើងរបស់លោក Blinken បានកើតឡើងនៅពេលដែលភាពតានតឹងបានបន្តកើតឡើងនៅក្នុង និងជុំវិញប្រទេសអាហ្វ្រិកខាងលិច។ ប្លុកក្នុងតំបន់មួយបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ពីការធ្វើឱ្យសកម្ម និងការដាក់ពង្រាយ “កម្លាំងរង់ចាំ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ” នៅក្នុងប្រទេសនីហ្សេ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ នៃប្រទេសសមាជិក នៃសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ខណៈដែលពួកគេបានបញ្ចប់កិច្ចប្រជុំកំពូលនៅទីក្រុងអាប៊ូចា ប្រទេសនីហ្សេ ដើម្បីដោះស្រាយស្ថានការណ៍នៅនីហ្សេ។
លោក Blinken បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែចាត់ទុកវាថាជា “ការចាំបាច់” ដែលមេដឹកនាំរដ្ឋប្រហារនៅនីហ្សេ ដោះលែងប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីប្រទេស គឺលោក Mohamed Bazoum និងក្រុមគ្រួសាររបស់លោក ពីការឃុំឃាំង ហើយថានីហ្សេ គួរតែត្រឡប់ទៅរកបទបញ្ជារដ្ឋធម្មនុញ្ញវិញ។
លោកបានបន្តថា ចំពោះបញ្ហានោះ សហរដ្ឋអាមេរិក កំពុងតែគាំទ្រយ៉ាងខ្លាំងចំពោះអ្វីដែល ECOWAS កំពុងធ្វើ។ចំពោះថាតើទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រការប្រើប្រាស់កម្លាំង ដែលត្រូវបានគំរាមកំហែងដោយ ECOWAS ដែរឬទេ លោក Blinken បានលើកឡើងថា លោកនឹងមិន “ឆ្ពោះទៅមុខកន្លែង ដែលយើងឥឡូវនេះ ឬចូលទៅក្នុងសម្មតិកម្មណាមួយអំពីអ្វីដែលអាចនឹងកើតឡើងនាពេលអនាគតនោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា